អាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូងខេត្តបាត់ដំបង

បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានចាប់ខ្លួនជនត្រូវចោទ០១នាក់ តាមដីកាបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិកំប្រង់  ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនត្រូវចោទម្នាក់ ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរយោធា រស់នៅភូមិគគីរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៥៦តព្រ/២៥ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ របស់លោកស្រី នុត សុម៉ារី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង  ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ស្ថានទម្ងន់ទោស បរិមាណគ្រឿងញៀនច្រើនលើសលប់)ប្រព្រឹត្តនៅចំណុចភូមិសាស្រ្តខេត្តបាត់ដំបង,ខេត្តកំពង់ស្ពឺ,រាជធានីភ្នំពេញ និងក្នុងទឹកដីប្រទេសថៃ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥។

ជាមួយការឃាត់ខ្លួនជនត្រូវចោទខាងលើ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង ,ទុសសៀ០១ មានបង់០៣ និងគ្រាប់ចំនួន៩០គ្រាប់ ,ទូរស័ព្ទដៃចំនួន ០២គ្រឿង បន្ទាប់មកជនត្រូវចោទកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This