រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះជួបកសិករដាំមៀនប៉ៃលិន និងក្រុមហ៊ុនរោងចក្រ ប្រមូលទិញមៀន នៅខេត្តប៉ៃលិន

ប៉ៃលិន ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបដោះស្រាយនៅបញ្ហាមួយចំនួន ជាមួយកសិករដាំមៀនប៉ៃលិន និងក្រុមហ៊ុន ឆាយណាជិនវ័រយាន ដែលជាក្រុមហ៊ុនរោងចក្រកែច្នៃផ្លែមៀនប៉ៃលិន នៅខេត្តប៉ៃលិន ។

ក្នុងឱកាសនោះ កសិករភាគច្រើនបានដាក់បន្ទុកទៅលើក្រុមហ៊ុន ដល់ពេលដែលមៀនទុំមិនទៅបេះទេ ទុកអោយទុំជ្រុលទើបនាំកម្មករទៅបេះ បើបានបេះហើយបេះតែអាល្អៗ ក្រៅពីនោះទុកចោលមិនមកបេះបន្តទៀតម្ចាស់ចម្ការហៅមិនមក ហើយមិនហ៊ានបេះលក់អោយគេផ្សេង ព្រោះជាប់កុងត្រាទុកទុំបែកជ្រុះចោលតែម្តង។  ចំណែកខាងក្រុមហ៊ុន បានដាក់បន្ទុក ទៅលើកង្វះកម្លាំងពលកម្មបេះ ព្រោះផ្លែ មៀនទុំតំណាលគ្នាធ្វើអោយជុញបេះ មិនទាន់។ ចំពោះបញ្ហាបេះតែល្អៗ ទុកចោលនោះព្រោះចម្ការខ្លះ ផ្លែមៀនអត់ស្តង់ដា ប្រើថ្នាំខុសបច្ចេកទេសជាដើម។

ក្រោយការសម្របសម្រួលអស់ជាច្រើនម៉ោង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអោយភាគីខាងក្រុមហ៊ុន ទោះយ៉ាងណាត្រូវតែទទួលខុសត្រូវទៅលើកុងត្រារបស់ខ្លួន បើមានបញ្ហាផ្លែមៀន មិនប្រក្រតីពេលមកដល់ក្រុមហ៊ុនសូមកុំកាត់លុយពីម្ចាស់មៀន ត្រូវបន្ទោសទៅលើកម្មកររបស់ខ្លួនដែរបេះមិនប្រក្រតី។

ជាមួយគ្នាឯកឧត្តមបានជម្រុញអោយ កសិករសហការជាមួយសហគមន៍ និងក្រុមហ៊ុនការដាក់អកម៉ូនអោយមៀន គឺត្រូវធ្វើឡើងឆ្លាស់គ្នាកុំអោយវាទុំតំណាលគ្នា នាំអោយស្អុយ ម្យ៉ាងវិញទៀតត្រូវសហការគ្នាអោយ បានស្អិតរមួត ហើយមន្ត្រីមូលដ្ឋានជួយសម្របសម្រួលសូមអោយស្មើភាពគ្នារវាងកសិករនិងក្រុមហ៊ុន ។ ហើយបើខ្វះកម្លាំងអ្នកបេះ អាចស្នើសុំខាងយោធា មកជួយបេះបាន អោយតែខាងក្រុមហ៊ុនត្រូវការ។

សូមបញ្ជាក់ថា ផ្លែមៀនប៉ៃលិន ដែលកុងត្រា ក្រុមហ៊ុនជាមួយកសិករ ក្នុងតម្លៃ៣៥០០រៀល ក្នុង១គីឡូ នេះប្រភេទល្អបើមិនល្អបានតែ៣០០រៀល ប៉ុណ្ណោះ ៕

CATEGORIES
Share This