លោក គន់ គីម ណែនាំដល់អាជ្ញាធរខេត្ត ក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ទៅលើការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពស្រូវប្រាំង របស់បងប្អូនប្រជាកសិករ នៅភូមិចកលិច ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដែលកំពុងប្រឈមខ្វះខាតទឹក ដើម្បីរកវិធីសាស្រ្ត ជួយអន្តរាគនមន៍ជូនបងប្អូនប្រជាកសិករ។
លោក គន់ គីម បានណែនាំរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធ ខិតខំក្នុងការរិះរកគ្រប់មធ្យោបាយជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមជាមួយនឹងការខ្វះខាតទឹក តាមរយៈការបុកអណ្ដូងទឹកនៅតាមទីតាំងស្រែបងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមផែនការឆ្នាំកន្លងទៅទទួលបាមជោគជ័យ។ ក្នុងនោះលោក ក៏បានបន្តជម្រុញដល់អាជ្ញាធរខេត្ត ក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទៅលើការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរលោកក៏បានបញ្ជាក់បន្ថែមថា ក្នុងនាមប្រមុខរដ្ឋាភិបាល ក៏មិនព្រងើយកន្តើយ នឹងខិតខំរកវិធីសាស្ត្រដើម្បីរកទឹកជូនដល់បងប្អូនប្រជាពលរដ្ឋទៅតាមលទ្ធភាព ។ ហើយតាមការចុះពិនិត្យជាក់ស្ដែង ឃើញថា តំបន់ខាងលើ គឺ មិនអាចជួយសង្គ្រោះបាននោះទេ ដោយសារឆ្ងាយពីប្រភពទឹក។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងរដូវប្រាំងនេះ បងប្អូនប្រជាពលរដ្ឋបានបង្កបង្កើនផលស្រូវប្រាំង ផែនការប្រមាណ ២៥០០០ហិកតា ជាក់ស្តែងរាល់ឆ្នាំប្រជាកសិករធ្វើលើសផែនការ ដោយឆ្នាំនេះធ្វើលើសផែនការពី២,៥០០០ហិកតា ទៅជិត៨០,០០០ហិកតា ដែលនេះជាបញ្ហាដែលនាំឱ្យមានការខ្វះខាតទឹកសម្រាប់ស្រោចស្រព ។ លោកបន្តថា ជាក់ស្តែងនៅទូទាំងខេត្តមានស្រូវប៉ះពាល់ ប្រមាណជាង១៥០០ហិកតាជាងតែប៉ុណ្ណោះ ដែលមិនអាចជួយសង្គ្រោះបាន ក្រៅពីនោះអាចជួយសង្គ្រោះបាន ដែលមានប្រភពទឹកនៅជិត។ អ្វីដែលជាបញ្ហាប្រឈមខ្លាំង គឺ ស្រុកមង្គលបូរី ប្រមាណជាង១៤០០ហិកតា លើឃុំចំនួន៤ មានឃុំបត់ត្រង់ , រហាត់ទឹក , ចំណោម និងឃុំសឿ ដោយឡែកស្រកស្វាយចេក មានតិចតួច ដោយសារតំបន់នោះបងប្អូនប្រជាកសិករបង្កបង្កើនផលនៅឆ្ងាយពីប្រភពទឹក ។
លោក បន្តថា ឆ្នាំកន្លងទៅខេត្តបានធ្វើការបុកអណ្តូងទឹកដែលជាជម្រើសចុងក្រោយជូនបងប្អូនប្រជាកសិករ ទទួលបានជោគជ័យ ហើយឆ្នាំនេះក៏បានធ្វើការបុកអណ្តូងជាបន្តបន្ទាប់នៅតាមទីតាំងដែលបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង រហូតទៅដល់៧០ ទៅ៨០ម៉ែត្រ នៅតែមិនមានទឹក។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ជាវិធានការបន្តរដ្ឋបាលខេត្ដ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ និងធ្វើការលើកជាសំណើរ ទៅរាជរដ្ឋាភិបាល ក្នុងការស្ដារប្រឡាយ ដើម្បីបានទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់នៅឆ្នាំបន្ទាប់។ លោកថា ការខ្វះខាតទឹកប្រើប្រាស់នេះ ដោយសារតែបងប្អូនប្រជាកសិករធ្វើជាលើកទីបី ដោយលើកទីមួយ ពួកគាត់បានធ្វើការប្រមូលផលរួចហើយ លើកទីពីរគឺត្រូវបានលិចទឹក លើទីបី នេះគឺពួកគាត់ប្រឈមជាមួយនឹងការខ្វះខាតទឹកតែម្ដង៕









