“លើកមួយរើមួយ” អាជ្ញាធរស្រុកមង្គលបូរី មិនអនុញ្ញាតឱ្យលើកស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងតាមផ្លូវ

បន្ទាយមានជ័យ ៖ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ “លើកមួយរើមួយ” មិនអនុញ្ញាតឱ្យ លើកស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ តាមដងផ្លូវក្នុងស្រុកមង្គលបូរីនេះឡើយ ។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ ក្រោយពីទួលបានសេចក្តីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋានភូមិឃុំ ស្តីពី ការលើកស្លាកសញ្ញាចរាចរណ៍មួយកន្លែងនៅតាមផ្លូវឆ្ពោះទៅកាន់ស្រុកព្រះនេត្រព្រះស្ថិតក្នុងឃុំកុយម៉ែង ត្រងគីឡូម៉ែត្រលេខ៧ នៃចំណុចមុខផ្ទះ គង់ លីដា លោកអភិបាលស្រុក បានចាត់អោយអាជ្ញាធរឃុំ និងនគរបាលចុះធ្វើការរុះរើចេញជាបន្ទាន់ ដោយមិនទុកអោយនៅយូរជាដាច់ខាត និយាយជារួមលើកមួយរើមួយ ។

លោកបានអោយដឹងទៀតថា ចំពោះការរុះរើមិនអោយមានស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ តាមដងផ្លូវនេះ គឺ រដ្ឋបាលស្រុកបានអនុវត្តតាមការណែនាំ របស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងយូរណាស់មកហើយ តែមួយរយៈក្រោយនេះ សង្កេតឃើញថា មានការលើកឡើងវិញនូវការពាណិជ្ជកម្មស្រាម្តងមួយៗ ជាបន្តបន្ទាប់។

លោកក៏បានអំពាវនាវដល់អាជីវករ ឬក្រុមហ៊ុន សូមកុំបន្តលើកស្លាកស្រាបៀនៅតាមសងខាងផ្លូវ ឬនៅទីតាំងផ្សេងដែលអាជ្ញាធរមិនអនុញាត ។

សូមបញ្ជាក់ថា ចាប់តាំងពីមានវិធានការ មិនអោយមានការពាណិជ្ជកម្មស្រាបៀតាមផ្លូវ ក្រុមហ៊ុនស្រាបៀ បានងាកមកពាណិជ្ជកម្មភេទជ្ជៈប៉ូវកម្លាំងជំនួសវិញ ៕

CATEGORIES
Share This