ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធ រោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាពគ្រុប ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ បងប្អូនកម្មករ កម្មការនី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងភ្ញៀវកិត្តិយស សរុបចំនួនប្រមាណ ៣០០០នាក់។

ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នាឱកាសនេះ។ ឯកឧត្តមបានបន្តថា សមិទ្ធផលនេះនឹងជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងខេត្តព្រះវិហារ និងទូទាំងប្រទេស។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍ។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញការគាំទ្រ ក្រុមហ៊ុន ទ្រី ភាព អុឹមផត អិចផត ឯ.ក និងក្រុមហ៊ុនដ៏ទៃទៀត ដែលបានកំពុងបោះទុនវិនិយោគ ក្នុងវិស័យកសិកម្ម ព្រមទាំងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើន ដើម្បីបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីរដ្ឋ ហ៊ុន ម៉ានី មន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចធិបតី ជូនចំពោះលោកយាយ លោកតា អុំ ពូ មីង និងក្មួយៗ សិស្សានុសិស្សដែលបានចូលរួម ព្រមទាំងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តព្រះវិហារ ជាពិសេសអ្នក ឃុំរមណីយ ស្រុករវៀង នូវសមិទ្ធផលថ្មី ដែលនឹងចូលរួមជំរុញឱ្យមានការងារ ក្នុងស្រុកបន្ថែមក្នុងមូលដ្ឋាន ជាពិសេសខេត្តព្រះវិហារផ្ទាល់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចអំពីភាពសំខាន់នៃការចូលរួមរបស់វិស័យឯកជន ដែលបានអនុវត្តការងារស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញវិស័យឯកជនអនុវត្ត និងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើង និងការធ្វើទំនើបកម្មផ្នែកកសិ-ឧស្សាហកម្ម ក៏ដូចជាការជំរុញឱ្យមានការវិនិយោគលើកសិផលកែច្នៃ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This