អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០៦នាក់ ទៅតុលាការពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ ៖ ជនសង្ស័យ ៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងនិងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត លុះដល់ចំណុចវត្តអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញក្រុមក្មេងទំនើង០១ក្រុម កំពុងបង្ហោះម៉ូតូ ភ្លាមៗនោះកម្លាំងបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង បានចំនួន១៦នាក់ ស្រី០៣នាក់ រួមទាំងម៉ូតូចំនួន០៧គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លើក្មេងទំនើងទាំងចំនួន១៦នាក់ ជាលទ្ធផលវិជ្ជមាន(+) ចំនួន០៦នាក់/ស្រី០០នាក់ និងអវិជ្ជមាន(-) ចំនួន ១០នាក់/ស្រី០៣នាក់។ ចំពោះក្មេងទំនើងចំនួន ០៦នាក់រួមមាន ១.ឈ្មោះ ឌិន លីហៀង ភេទប្រុស អាយុ ២៤ឆ្នាំ, ២.ឈ្មោះ ម៉ែន សុខខុន ភេទប្រុស អាយុ២០ឆ្នាំ, ៣.ឈ្មោះ លឹម គឹមហូវ ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ ហឿត រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ តូ ត ភេទប្រុស អាយុ២៥ឆ្នាំ, ៦.ឈ្មោះ នួន វ៉េវ ភេទប្រុស អាយុ២៥ឆ្នាំ ។
ក្រោយឃាត់ខ្លួន ក្មេងទំនើងទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកក្មេងទំនើងចំនួន១០នាក់ទៀត ពុំមានសារធាតុញៀន កម្លាំជំនាញ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យអាណាព្យាបាលធានា ត្រឡប់ទៅលំនៅដ្ឋានវិញ ៕
