លោក អ៊ុំ រាត្រី ដឹកនាំមន្ទីរជំនាញចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកស្រោចស្រព

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ទីរជំនញមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក ចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ដែលកំពុងប្រឈមខ្វះខាតទឹកសម្រាប់ស្រោចស្រព នៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជម្រុញដល់អាជ្ញាធរស្រុក-ក្រុង ធ្វេីការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទឹក ទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងនាពេលខាងមុខ ដោយសង្កេតឃេីញថា ស្រុកមួយចំនួនអាចប្រឈម និងការប្រេីប្រាស់ទឹកនារដូវប្រាំង ។ ជាវិធានការ លោកអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរគ្រប់ស្រុក -ក្រុង ដែលមានអាង បឹង បួរ ប្រលាយ ធ្វេីការស្តារទៅតាមលទ្ធភាពដែលអាចធ្វេីទៅបាន ដេីម្បីទុកទឹកសម្រាប់ប្រេីប្រាស់នាឆ្នាំបន្ទាប់។ 

ក្នុងនោះដែរមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរធ្វើស្រែប្រាំង សូមធ្វើទៅតាមលក្ខណៈស្តង់ដាបច្ចេកទេស ចៀសវាងការប្រេីប្រាស់ថ្នាំពន្លឿនឱ្យស្រូវទុំមុនអាយុកាល ដែលវាធ្វេីឱ្យប៉ះពាល់ដល់គុណភាពស្រូវ និងសុខភាពរបស់ប្រជាពលរដ្ឋនៅពេលបរិភោគ។ ជាពិសេសបានណែនាំដល់ប្រជាកសិករ ត្រូវបង្កបង្កើនផលស្រូវដែលមានតម្រូវការទីផ្សារ ដូចជាស្រូវសែនក្រអូបជាដើម។

តាមរយៈនៃការចុះពិនិត្យជាក់ស្ដែង និងមានការវាយតម្លៃពីមន្ទីរជំនាញទាំងពីរ បានបញ្ជាក់ថា ស្រុកមង្គលបូរី មានការប៉ះពាល់នៅភូមិសាស្រ្ត ឃុំសឿ មានចំនួន២ទីតាំង ៖ ទីតាំង១-ស្រូវមានចំនួន១២០ហិកតា ដែលបានទុំបណ្ដើរៗ ថ្វីដ្បិតតែខ្វះទឹកប៉ុន្តែស្រូវទុំ ខូចខាតតិចតួច ជាលទ្ធផលតាមការវាយតម្លៃមិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរទេ។ ចំណែកឯទីតាំងទី២ ស្រូវមានប្រមាណជាង២០០ហិកតា ដែលជាការដាំដុះលើកទីបី ប្រចាំឆ្នាំ ដែលកំពុងប្រឈមទៅនឹងការខ្វះខាតទឹកស្រោចស្រព ដោយសារទឹកតាមប្រឡាយ បឹងបួរ ពុំមានទឹកសម្រាប់ស្រោចស្រព ។  បញ្ហាទាំងអស់នេះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រួមនិងមន្ទីរជំនាញ កំពុងរកមធ្យោបាយសង្រ្គោះ ដោយនឹងរៀបចំបុកអណ្តូង ជាជំរេីសចុងក្រោយ ដើម្បីសង្រ្គោះស្រូវ និងដំណាក់កាលបន្ទាប់ នឹងធ្វើការស្តារបឹងមួយកន្លែងនៅចំណុចកណ្តាលស្រែ សម្រាប់ធានាទឹកស្រោចស្រពនាឆ្នាំខាងមុខ ។ ចំណែកស្រុកស្វាយចេក ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៨ មានចំនួន២៤៦៩ហិកតា ក្នុងនោះមានការខូចខាត៥ហិកតា នៅឃុំតាផូ ដោយសារនៅតំបន់ឆ្ងាយពីប្រភពទឹក។ ដោយឡែកស្រុកព្រះនេត្រព្រះ ស្រូវប្រាំងកំពុងដាំដុះលើកទី២ នៅគ្រប់ឃុំទាំង៩ មានចំនួន២២៧៣៩ហិកតា មានទឹកស្រោចស្រពគ្រប់គ្រាន់ពុំមានបញ្ហានោះទេ៕

CATEGORIES
Share This