រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”
បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព” ដែលពិធីនេះប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គោលបំណងដើម្បីបំផុសចលនាអោយសាធារណជន អង្គភាព វិស័យឯកជន សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ចូលរួមធ្វើអនាម័យបរិស្ថានសំអាតលំនៅឋាន ទីកន្លែងធ្វើការ និងអាជីវកម្ម ដើម្បីការរួមចំណែកកែលំអសោភ័ណភាពមូលដ្ឋានរបស់ខ្លួនអោយស្អាត និងបៃតង។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព ការកែទម្រង់ការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនឹងហិរញ្ញវត្ថុប្រកបដោយចីរភាពនិងការលើកកម្ពស់ការទូតបៃតង។
ឯកឧត្តមបន្តថា ក្រុងបាត់ដំបងជាក្រុងមួយដែលបានទទួលពានរង្វាន់ជ័យលាភីជាបន្តបន្ទាប់រួមមាន ជ័យលាភីនិរន្តរភាពបរិស្ថានអាស៊ានឆ្នាំ២០១៥ ជ័យលាភី “ស្តង់ដារ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន០២លើក (ឆ្នាំ២០១៨-២០២១) និងជ័យលាភី ទីក្រុងស្អាតកម្ពុជាផ្ការំដួល ៣ទង ចំនួន០២លើក (ឆ្នាំ២០១៥-២០១៨) ព្រមទាំងទទួលជ័យលាភី -ទីក្រុងស្អាតកម្ពុជា ឆ្នាំ២០២៣ និងជ័យលាភីផ្សេងៗទៀតទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ហើយសមិទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពជំនាញវិស័យ ឯកជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលក្នុងនោះការថែរក្សាអនាម័យបរិស្ថានជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ក៏ជាផ្នែកមួយនៃជ័យលាភីនោះដែរ ហើយសកម្មភាពនៃការប្រារព្ធទិវាអនាម័យ ២៣ វិច្ឆិកា នាថ្ងៃនេះបានបំផុសឱ្យគ្រប់មជ្ឈដ្ឋានក្នុងខេត្ត បានឃើញពីការខិតខំប្រឹងប្រែងរួមគ្នា ចូលរួមសម្អាតអនាម័យបរិស្ថាន ពីគ្រប់ភាគីពាក់ព័ន្ធ ហើយក៏ជាសារអប់រំមួយបាននិងកំពុងបញ្ជូនដល់សាធារណៈជនគ្រប់ទិសទីបានយល់ដឹងផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះ នឹងជួយជំរុញឱ្យប្រជាពលរដ្ឋយើងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ការគ្រប់គ្រងសំណល់សំរាមរបស់ខ្លួន ការញែក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងដើម្បីរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និង យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន។
រដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលជាមួយដៃគូរអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់លើកិច្ចគាំពារបរិស្ថាន, ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ជាពិសេសផ្តោតទៅលើអាទិភាពការងាររបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តបាត់ដំបងដែលមានមន្ទីរបរិស្ថានខេត្តជា សេនាធិការ បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងរដ្ឋបាល ក្រុងស្រុកទាំង១៤ បានសម្រួលសម្រួលជាមួយ គណៈគ្រប់គ្រងសាលាគ្រប់កម្រិតសិក្សាចូលរួមអនុវត្តនូវយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ៕








ដោយ ៖ សាលី