ឆេះព្រៃក្នុងតំបន់ភ្នំព្រះ និងភ្នំវែង ស្រុកថ្មពួក អស់ប្រមាណ៥០០ហិចតា ទើបអាចពន្លតបាន

បន្ទាយមានជ័យ ៖ ភ្លើងឆេះព្រៃប្រហែល៥០០ហិចតា ក្នុងតំបន់បេតិកភណ្ឌភ្នំព្រះ និងភ្នំវែង ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាំងពីម៉ោង១២ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ រហូតដល់ម៉ោង២រសៀលថ្ងៃដដែល ទើបទើបមន្រ្តីអនុរក្សព្រះសង្ឃអន្តរាគមន៍ពន្លត់បាន។

តាមការអោយដឹងពីមន្ត្រីឧទ្យានុរក្ស ប្រចាំនៅភ្នំព្រះ បានអោយដឹងថា ភ្លើងឆេះព្រៃខាងលើ គឺចាប់ផ្តើមឆេះនៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ដោយឆេះចេញពីខាងត្បូងភ្នំវែង ភ្លាមៗត្រូវបាន មន្ត្រីឧទ្យានុរក្សប្រចាំនៅភ្នំព្រះ ចំនួន៨នាក់ អន្តរាគមន៍ពន្លត់ដោយរួមមានទាំងព្រះសង្ឃ និងក្រុមការងារអភិវឌ្ឍន៍ភ្នំព្រះ របស់លោកជំទាវ ម៉ៅ ម៉ាល័យ សរុប២០នាក់ ធ្វើការពន្លត់ដោយកម្លាំងមនុស្ស ព្រោះរថយន្តពន្លត់អគ្គីភ័យមិនអាចចូលបាន រហូតដល់ម៉ោងពីរសៀល ទើបពន្លត់បានទាំងស្រុង។

មន្រ្តីឧទ្យានុរក្សបានអោយដឹងទៀតថា ករណីឆេះព្រៃនេះអាចមកពីប្រជាពលរដ្ឋ គាត់ដុតតែមិនអាចកំណត់អត្តសញ្ញាណបានទេ។ ចំពោះការឆេះនេះ បានបង្កអោយដើមឈើតូចរងការឆេះរោល តែភ្លើងមិនបានបង្កអោយឆេះដល់តំបន់អភិវឌ្ឍន៍ ដែលមានសំណង់ផ្សេងៗឡើយ។

មន្រ្តីឧទ្យានុរក្សលោក ឈឿន យឿ បានសំណូមពលរដ្ឋបងប្អូនប្រជាពលរដ្ឋ កុំដុតព្រៃ ឬក៏ចោលកន្ទុយបារី ដែលនាំអោយឆេះព្រៃ បំផ្លាញ់ធនធានធម្មជាតិប៉ះពាល់បរិស្ថាន។ ត្រូវរួមគ្នាថែរក្សាបរិស្ថានដែលមានស្រាប់។

សូមបញ្ជក់ថា តំបន់ភ្នំព្រះជាតំបន់រមណីដ្ឋានមួយស្រសស្អាតពពេញទៅដោយព្រៃភ្នំ និងសត្វព្រៃ ជាច្រើនប្រភេទកំពុងត្រូវបានអភិរក្ស និងទាក់ទាញភ្ញៀវទេសចរណ៍ ៕

ដោយ ៖ K-P

CATEGORIES
Share This