លោក អ៊ុំ រាត្រី ៖ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស ត្រូវគិតគូរពីផលប៉ះពាល់ទៅដល់បរិស្ថាន និងជីវៈចម្រុះ ក្នុងតំបន់ការពារ

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានផ្តល់អនុសាសន៍ណែនាំ មួយចំនួនទៅដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស ត្រូវគិតគូរពីផលប៉ះពាល់ទៅដល់បរិស្ថាន និងជីវៈចម្រុះ ដូចជាសត្វព្រៃនៅក្នុងតំបន់ការពារ កុំឱ្យមានផលប៉ះពាល់ បង្កការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បរិស្ថាន ធ្វើយ៉ាងណារក្សាបាននូវបរិស្ថានស្អាត មិនមានការបំពុលខ្យល់។

ការលើកឡើងដូចនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ ក្នុងសិក្ខាសាលាពិគ្រោះយោបល់បរិស្ថានពេញលេញ លើគម្រោងអាជីវកម្មរ៉ែលោហៈ (រ៉ែមាស) លើផ្ទៃដីទំហំ៣.០២២ហិកតា របស់ក្រុមហ៊ុន រ៉ក មីនើរ៉លឡូជី ឌីវេឡុបម៉ិន ស្ថិតក្នុងភូមិសាស្ត្រឃុំពន្លៃ ឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

តំណាងក្រុមហ៊ុន បានបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការធ្វើអាជីវកម្មរ៉ែមាសនេះ ដើម្បីទាញយករ៉ែមាស មកផលិតជាដុំមាស សម្រាប់លក់ក្នុងទីផ្សារជាតិ និងអន្តរជាតិ ។ អាជីវកម្មរ៉ែមាសនេះ នឹងចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ដើម្បីទាញយកធនធានមានតម្លៃនៅក្នុងដី បង្កើតជាតំបន់សេដ្ឋកិច្ច ជំរុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ច ។ តំណាងក្រុមហ៊ុន ក៏បានបញ្ជាក់ដែរថា ដំណើរការនៃការសាងសង់រោងចក្រ នឹងដំណើរការនៅក្នុងអំឡុងដើមឆ្នាំ២០២៥នេះហើយ ហើយត្រូវការបុគ្គលិកកម្មករ ក្នុងដំណាក់កាលនៃការសាងសង់ប្រមាណ ១៥០នាក់ ។ លុះដំណាក់កាលប្រតិបត្តិការគម្រោង ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥ និងដេីមឆ្នាំ២០២៦   ត្រូវការបុគ្គលិកកម្មករសរុបប្រមាណ២០០នាក់ ។

តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលចូលរួមក៏បានលើកឡើងអំពី ផលប៉ះពាល់ ផ្នែកបរិស្ថាន ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សា ឱ្យបានល្អិតល្អន់ និងមានលទ្ធភាពក្នុងការដាក់ឧបករណ៍បន្សុទ្ធខ្យល់ នៅទីតាំង ដែលបានធ្វើអាជីវកម្ម សំដៅធ្វើយ៉ាងណាឱ្យបរិស្ថាន មានខ្យល់បរិសុទ្ធ និងមិនប៉ះពាល់ដល់សុខភាពរបស់កម្មករ ដែលធ្វើក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរ។

ជាមួយនឹងដំណើរការនៃការរុករករ៉ែលោហៈនេះដែរកាលពីកន្លងទៅលោក អ៊ុំ រាត្រី ក៏បានចុះពិនិត្យមើលទីតាំងជាក់ស្ដែង ហើយក៏បានសាទរជាមួយនឹងការបង្កើតរោងចក្រ ក្នុងការផលិតរ៉ែមាស នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រុក ក្នុងការបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការងារធ្វើកាត់បន្ថយការចំណាកស្រុក និងបង្កើនចំណូលជូនរដ្ឋផងដែរ ៕

CATEGORIES
Share This