សំណង់អនាម័យទឹកស្អាត និងសមិទ្ធផលជាច្រើន នៅសាលាសហគមន៍អូរច្រកថ្លាង ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

បាត់ដំបង ៖ សំណង់អនាម័យទឹកស្អាត រួមជាមួយអណ្តូងស្នប់ ,ស្ថានីយ៍លាងដៃ និងបង្គន់អនាម័យ នៅសាលាសហគមន៍អូរច្រកថ្លាង ស្ថិតក្នុងភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ និងបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ នៅថ្ងៃទី២១  ខែមករា ឆ្នាំ២០២៥នេះ។

លោកស្រី ប៊ិច ប៊ូឡែន អភិបាលស្រុកនិងជាប្រធានអនុសាខាស្រុករុក្ខគីរី បានឲ្យដឹងថា សាលាសហគមន៍អូរច្រកថ្លាងនេះជាសាលាឧបសម្ព័ន្ធរបស់សាលាបឋមសិក្សា ហើយពីមុនគឺសិស្សានុសិស្សសិក្សាក្រោមសំយ៉ាបផ្ទះរបស់អ្នកស្រុក ដោយមើលឃើញពីកំណើនសិស្សមានការកើនឡើង អាជ្ញាធរមូលដ្ឋាននិងអង្គការទស្សនៈពិភពលោកបានសម្រេចរកទីតាំងជើងភ្នំរួងបានកសាងសាលារៀនមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានទំហំ ៦ម៉ែត្រX៨ម៉ែត្រ ក្រោយមកដល់មើលឃើញការលំបាកអង្គការខេននិងអង្គការឆែលហ្វាន់អេឌូអូ បានសាងសង់អគារមួយខ្នងទៀតមានពីរបន្ទប់នៅក្នុងឆ្នាំ ២០១៧ ហើយបច្ចុប្បន្នសាលាសហគមន៍អូរច្រកថ្លាងមានអគារសិក្សាចំនួន៣ខ្នង ៤បន្ទប់ មានសិស្សានុសិស្ស ៦៥នាក់ស្រី ៣១នាក់ មត្តេយ្យសិក្សាមានចំនួន ៣១ នាក់ ស្រី ១៤នាក់ មានគ្រូស្រី៤នាក់។

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្ដម សុខ លូ  បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា “ សំណង់អនាម័យទឹកស្អាត ទាំងនេះ ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង តាមរយៈ លោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដោយផ្តោតលើ ដែលមានតម្រូវការជាអាទិភាពអំពីអនាម័យនិងទឹកស្អាត ហើយការផ្តល់អណ្តូងទឹកស្អាត បង្គន់អនាម័យ និងស្ថានីយ៍លាងដៃ ទាំងនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋ  ដើម្បីឲ្យពួកគាត់មានទឹកស្អាតប្រើប្រាស់ ហើយការលាងសម្អាតដៃក៏បានរួមចំណែកទប់ស្កាត់ការឆ្លងជម្ងឺរាតត្បាតផ្សេងៗ និងលើកកំពស់សុខភាព អនាម័យ ដល់ក្មួយៗសិស្សានុសិស្ស ផងដែរ  ។

ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រចំនួន ១០០គ្រួសារ មកពីភូមិរូង១ ឃុំព្រៃត្រឡាច ដោយមួយគ្រួសារទទួលបាន,អង្ករ២៥គីឡូក្រាម ,មី១កេស ,ទឹកបរិសុទ្ធ១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ  ចំណែកលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ទទួលបានថវិកាមួយចំនួនពីឯកឧត្តម និងលោកជំទាវផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This