សា.កស.ពសត្វក្រពើ ជាច្រើនក្បាល ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតក្នុងស្ទឹងសង្កែ
បាត់ដំបង ៖ សា.កស.ពសត្វក្រពើ ប្រមាណចំនួន០៩ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងស្ទឹងសង្កែ បង្កការភ្ញាក់ផ្អើលនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅត្រង់ចំណុចមុខវត្តក្តាំងងារ ស្ថិតក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្រោយពីមានការភ្ញាក់ផ្អើលប្រទះឃើញសាកសពសត្វក្រពើអណ្តែតក្នុងស្ទឹងសង្កែ កម្លាំងមន្រ្តីជំនាញជលផល និងកម្លាំងអធិការស្រុក បានចុះទៅកាន់ទីតាំងខាងលើដើម្បីធ្វើការពិនិត្យនិងស្រង់ចេញពីស្ទឹងយកទៅកប់ចោល ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថានទឹកស្ទឹងសង្កែ ដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាអោយមន្ត្រីជំនាញធ្វើការស្រាវជ្រាវរកមុខអ្នកដែលយកសត្វក្រពើងាប់មកបោះចោលក្នុងស្ទឺងសង្កែ ដើម្បីយកមកធ្វើកិច្ចសន្យាអប់រំ ឬពិន័យតាមកម្រិតណាមួយ ព្រោះវាមិនមែនជាសត្វក្រពើនៅក្នុងស្ទឹងសង្កែនោះទេ តែវាជាសត្វក្រពើដែលងាប់នៅក្នុងកសិដ្ឋានហើយត្រូវបានជនខិលខូចដឹកយកមកទម្លាក់ចោលក្នុងស្ទឹង ៕




ដោយ ៖ សាលី