ផ្ទុះសេខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋរងការខូចខាតទាំងស្រុង នៅស្រុកជាំក្សាន្ត
ព្រះវិហារ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងជញ្ជាំងបាំងឈើ ដំបូលប្រក់ស័ង្គសី ស្ថិតនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង នៅវេលាម៉ោង ប្រហែល២០:០០ នាទី នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។
បើតាមរបាយការណ៍ប៉ុស្ដិ៍នគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា ករណីអគ្គីភ័យឆេះផ្ទះមួយលើក ផ្ទះពីរខ្នងទំហំ ៨×៩ ម៉ែត្រ ជញ្ជាំងបាំងឈើ ដំបូលប្រក់ស័ង្គសី ស្ថិតនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ មានម្ចាស់ផ្ទះឈ្មោះ ហែម សុវណ្ណដារ៉ា ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ ហាក់ វឿត ភេទស្រី អាយុ៥០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។
របាយការណ៍ដដែល បានបន្ថែមទៀតថា មូលហេតុ បណ្តាលមកពីរផ្ទុះសេខ្សែភ្លើង នៅក្នុងបន្ទប់លើផ្ទះបណ្តាលឲ្យខូចខាតទាំងស្រុង សម្ភារៈរួមមាន ១. ស្រូវចំនួន២៥ បេ ២. គ្រែ១គ្រឿង ៣. តុទូកៅអី និងសម្ភារៈ នៅក្នុងផ្ទះមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ២មុឺនដុល្លារ ។
ក្នុងនោះដែរ កម្លាំងអន្តរាគមន៍និងដឹកនាំផ្ទាល់ពីលោកអធិការស្រុកជាំក្សាន្តកម្លាំងសរុបចំនួន ៤៥ នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ប្រើប្រាស់ទឹកចំនួន ០៣ ឡាន ៕





