ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សន្យា នឹងខិតខំកៀងគរអ្នកវិនិយោគចិន មកបណ្តាក់ទុននៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យា នឹងខិតខំកៀងគរអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយស្ថិតក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ដែលរដ្ឋាភិបាលបានកំណត់ និងជំរុញកំណើនភ្ញៀវទេសចរណ៍ចិន ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រេីន។

ការសន្យាយ៉ាងដូចនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងប្រតិភូអមដំណើរបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នៅសាលាខេត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំពាក់ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត   ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនិងថ្នាក់ដឹកនាំ អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ឯកឧត្ដម លេីកឡេីងថា ចិនជាស្ពានតភ្ជាប់ភាគីនៃប្រទេសទាំង២ កម្ពុជា-ចិន មានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ និងលក្ខខណ្ឌវិជ្ជមានដល់កិច្ចសហប្រតិបត្តិការក្នុងពេលកន្លងមក។ តាមរយៈ ប្រទេសជាមិត្តដ៏ល្អតាំងពីដេីមរៀងមក សាធារណរដ្ឋប្រជាមានិតចិន ស្នេីសុំរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា បន្តកិច្ចសហការឱ្យកាន់តែរឹងមាំបន្ថែមទៀត បង្ក្រាបរាល់បទល្មេីសឧក្រិដ្ឋកម្ម ជា ពិសេសល្បែងអនឡាញ និងការឆបោកតាមអនឡាញ ។ ដែលបច្ចុប្បន្នប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា មានការសហការជាមួយគ្នា ក្នុងបង្ក្រាបក្រុមឧក្រិដ្ឋកម្ម តាមអនឡាញ ហេីយក៏បានគេចខ្លួនចូលមកប្រទេសកម្ពុជា ដែលទាមទារឱ្យភាគីប្រទេសទាំង២ រួមគ្នាសហការ គ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម អនឡាញនេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ដែលជាមិត្តដែកថែប តាំងពីយូរណាស់មកហេីយ។ ជាមួយគ្នានោះ លោកក៏បានលើកឡើងពីសក្ដានុពលសេដ្ឋកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តក៏ដូចជា ប្រទេសកម្ពុជា ។ យោងតាមលក្ខណៈភូមិសាស្ត្របែបនេះ បានបង្កលក្ខណៈអំណោយផលដល់ចំណូលសេដ្ឋកិច្ចជាតិដ៏សំខាន់ក្នុងលំដាប់ជួរមុខ និងអំណោយផលដល់លំហូរចេញ-ចូល នៃវិស័យទេសចរណ៍ដ៏សំខាន់ និងអំណោយផលដល់អ្នកវិនិយោគលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ដ៏មានសក្តានុពល។ លក្ខណៈអំណោយផលនេះ បច្ចុប្បន្នមានជនបរទេសមិនមែនអន្តោប្រវេសន្ត កំពុងស្នាក់នៅប្រកបរបរធុរកិច្ចផ្សេងៗ ដូចជាបើកក្រុមហ៊ុនរោងចក្រ សណ្ឋាគារ កាស៊ីណូ លក់ទំនិញ ។ល។ មានសរុបប្រមាណចំនួន ១៦ ១៥២នាក់ ស្រី ៤០៨៦នាក់ មាន ៥៨សញ្ជាតិ ក្នុងនោះការស្នាក់នៅតាមរយៈប្រព័ន្ធ FPCS មាន ៧សញ្ជាតិ។

គួរំលឹកដែរថា រដ្ឋាភិបាលនៃសាធារណររដ្ឋប្រជាមានិតចិនដែលតែងតែ បានជួយឧបត្ថម្ភគាំទ្រ ដល់កិច្ចដំណើរការ អភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយឡែកនៅខេត្តបន្ទាយមានជ័យ កន្លងទៅតាមរយៈការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជា មានិតចិនប្រចាំខេត្តសៀមរាប បានផ្តល់ជំនួយសម្ភារការិយាល័យដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាច្រេីនផងដែរ៕

CATEGORIES
Share This