ប្រតិភូ អាជ្ញាធរមីនកម្ពុជាចូលរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសពលោក ពៅ នេពីន ពលីក្នុងប្រតិបត្តិការបោសសម្អាតមីន
បន្ទាយមានជ័យ ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ (មណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ) ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរូមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព នៃបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា លោក ពៅ នេពីន ដែលបានពាលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។
ក្នុងឱកាសចូលរំលែកមរណទុក្ខនោះឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមាដោយបានទទួល ដំណឹងអំពីពលីកម្មរបស់លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមិនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោក ស្តាយជាទីបំផុតពី សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសពលោក ពៅ នេពីន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មិនកម្ពុជា ដែលបានបាត់បង់សមាជិកគ្រួសារ បាត់បង់សហការី និងមិត្តរួមការងារដ៏អង់អាច ក្លាហាន ដែលតែងបានចូលរួមរធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុមនុស្សធម៌ជា រៀងរហូតមក។ ហើយការបាត់បង់ លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមិនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន។
ជាមួយគ្នានេះឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ និងគណៈប្រតិភូអាជ្ញាធរមីន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ពៅ ទេពិន សូមចាប់ បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា៖ការពលីកម្មជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មិនកម្ពុជា មានចំនួន២នាក់ ១,មានឈ្មោះលោក អឿន ចាន់ដារ៉ា រស់នៅខេត្តបាត់ដំបង និងទី២,មានឈ្មោះលោក ពៅ នេពីន រស់នៅខេត្តបន្ទាយមានជ័យ ដែលជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការរបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥៕





