ការផ្តល់ឈាម របស់កងពលតូចលេខ៩ តាមរយៈ ក្លឹបនៃក្តីស្រឡាញ់ បង្ហាញពីស្មារតីសប្បុរសធម៌ និងសាមគ្គីភាពជាតិ

ព្រះវិហារ ៖ កងពលតូចអន្តរាគមន៍លេខ៩ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបចំយុទ្ធនាការបរិច្ចាគឈាម តាមរយៈ “ក្លឹបនៃក្តីស្រឡាញ់” របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ ដែលមានអ្នកស្ម័គ្រចិត្តចូលរួមផ្តល់ឈាមចំនួន១៧៣នាក់ ស្រី៣១នាក់ បានបរិច្ចាគឈាមដោយជោគជ័យចំនួន៩១នាក់។

សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះកងយោធពលខេមរភូមិន្ទ ជាពិសេសកងពលតូចអន្តរាគមន៍លេខ៩ ដែលបានការពារបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត ព្រមទាំងបានបង្ហាញនូវស្មារតីសប្បុរសធម៌ ដោយចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតប្រជាជន។

“ក្លឹបនៃក្តីស្រឡាញ់” បានជុំរុញយុវជន និងមហាជនគ្រប់ស្រទាប់វណ្ណះឲ្យគាំទ្រគោលដៅបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត១០០% របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីលើកកំពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃ ពង្រឹងនូវសុវតិ្ថភាព និងនិរន្តរភាពឈាម សម្រាប់សង្គ្រោះជីវិតមនុស្ស។

ការផ្តល់ឈាមមិនត្រឹមតែជាការបរិច្ចាគដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសង្គម។ ឈាមដែលបានបរិច្ចាគនឹងត្រូវប្រើប្រាស់សម្រាប់ការវះកាត់ព្យាបាលជំងឺធ្ងន់ធ្ងរ និងសង្គ្រោះជីវិតអ្នកជំងឺ ដូចជាជំងឺមហារីក ជំងឺឈាម អ្នកជំងឺដែលរងរបួសធ្ងន់ និងស្ត្រីឆ្លងទន្លេ។

គិតមកដល់ពេលនេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលជាអ្នកបរិច្ចាគឈាមដ៏សកម្ម បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានចំនួន២០ដងរួចមកហើយ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ អោយចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តយ៉ាងហោចណាស់១ឆ្នាំម្តង ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ដែលតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យ ដោយក្នុង១ខែមន្ទីរពេទ្យត្រូវការឈាមប្រមាណ១០០ប្លោក សម្រាប់ធ្វើការវះកាត់ដល់អ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់នៅតាមមន្ទីរពេទ្យ។

“ក្លឹបនៃក្តីស្រឡាញ់” នឹងបន្តរៀបចំកម្មវិធីបរិច្ចាគឈាមជាប្រចាំ ដើម្បីបំពេញតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យ ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This