បើករថយន្តគេចជង្ហុកទៅឆ្វេងហើយទៅស្តាំ ត្រូវម៉ូតូសិស្សសាលាបុកពីមុខពេញទំហឹង បណ្តាលអោយស្លាប់និងរបួស០២នាក់

បាត់ដំបង ៖ សិស្សសាលាម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុករថយន្តពេញទំហឹងនៅវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី១៦ .ខែមករា ២០២៥ នៅតាមបណ្តោយផ្លូវកៅស៊ូមួយកន្លែងត្រង់ចំណុចស្ពានអូរស្នោ ស្ថិតក្នុងភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងគេឃើញម៉ូតូម៉ាកហុងដាឃ្លិកពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AA-7132 បើកបរដោយសិស្សសាលាម្នាក់ឈ្មោះ ចាន់ថន តុលា ភេទប្រុស អាយុ ១៨ឆ្នាំ និងអ្នករួមដំណើរជាសិស្សស្រីម្នាក់ ឈ្មោះ សារ៉ាត់ លីកា អាយុ១៦ឆ្នាំ ទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាកតូរីស ពាក់ផ្លាកលេខ បាត់ដំបង 2B-0831បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានគេចជង្ហុកទៅឆ្វេងហើយទៅស្តាំ ក៏ត្រូវបានម៉ូតូសិស្សសាលាជិះគេចទៅបុកពីមុខពេញទំហឹងបណ្តាលអោយអ្នកបើកបរស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ និងអ្នករួមដំណើររងរបួសធ្ងន់ផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់អោយសាច់ញាតិយករៀបចំទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំង០២ត្រូវបាននគរបាលចរាចរណ៍វាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

ដោយ ៖ សាលី

CATEGORIES
Share This