ពលរដ្ឋសង្កាត់ផ្សារកណ្តាលថា មានភាពមិនប្រក្រតី ចំពោះការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ក្រោយចុះបញ្ជីហើយមានអ្នកប្តឹងទាស់ មិនអោយចេញប័ណ្ណ

បន្ទាយមានជ័យ ៖ ពលរដ្ឋមានក្បាលដី ១៤២ក្បាលដី កើតទុក្ខមិនសុខចិត្ត និងបារម្ភដេកមិនលក់ ទៅធ្វើការមិនស្ងប់ ហើយថា មានភាពមិនប្រក្រតី ចំពោះការចែកប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្តុដីធ្លី ក្រោយចុះបញ្ជីហើយមានអ្នកប្តឹងទាស់ មិនអោយចេញប័ណ្ណជូនពួកគាត់ ខណៈដែលដីធ្លីដែលពួកគាត់កំពុងរស់នៅ មានឯកសារសម្គាល់ត្រឹមត្រូវ រហូតបានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធចប់សព្វគ្រប់ហើយ សង្ឃឹមថា បានប័ណ្ណកម្មសិទ្ធិមករក្សាទុក អោយមានភាពកក់ក្តៅស្រាប់តែមានបុគ្គល ៩ក្បាលដីមកប្តឹងជំទាស់ ធ្វើអោយពួកគាត់មិនអាចបើកយកប័ណ្ណកម្មសិទ្ធិបាន ក៏លើកគ្នាមកសាលាក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដើម្បីស្នើអោយអាជ្ញាធរក្រុងប៉ោយប៉ែត ជួយដោះស្រាយអោយពួកគាត់បានប័ណ្ណកម្មសិទ្ធិ បន្ទាប់ពីចុះបញ្ជីជាង២ឆ្នាំមកហើយ។

ប្រជាពលរដ្ឋ ប្រមាណជា៨០នាក់ តំណាងអោយ១៤២ក្បាលដី លើផ្ទៃដីជាង២៧០ក្បាលដី ដែលបានកាន់កាប់និងចុះបញ្ជីដីធ្លីរួចចប់សព្វគ្រប់ ចាំតែដកយកប័ណ្ណកម្មសិទ្ធិដី នៅខាងកើតវត្តផ្សារកណ្តាលស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលើកឡើងថាមូលហេតុដែលពួកគាត់នាំគ្នាមកសាលាក្រុងប៉ោយប៉ែតក៏ដោយសារតែ ខាងការិយាល័យភូមិបាល មិនបើកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពួកគាត់ក្រោយចុះធ្វើការចុះបញ្ជីរួចជាង២ឆ្នាំ ហើយថែមទាំងពេលដែលពលរដ្ឋយកចុងសន្លឹកនៃបង្កាន់ដៃប័ណ្ណ ដែលជំនាញបានចេញអោយ ដើម្បីដកប័ណ្ណ ស្រាប់តែប្រាប់ថា ដីនេះជាដីទំនាស់ ហើយសរសេរដាក់ពីលើចុងបង្កាន់ដៃដែលពួកគាត់យកទៅបើកថា ជាដីទំនាស់ជាហេតុធ្វើអោយគាត់ខកចិត្តជាខ្លាំង ក៏នៅមិនសុខទាំងអ្នកដែលប្តឹងមិនដឹងនៅទីណា ឈ្មោះអី ទាំងពួកគាត់មានលំនៅឋានច្បាស់លាស់ មានឯកសារត្រឹមត្រូវ និងចុះបញ្ជីតាមនីតិវិធី របស់មន្ទីររៀបចំដែន តាំពីដើមរហូតដល់ចប់រួចទៀតប៉ុណ្ណឹងហើយ នៅតែអាចមានអ្នកមកប្តឹងបានទៀត ។ ពួកគាត់មិនមានគោលបំណងអ្វី ក្រៅពីមកសុំអោយអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិ ដែលពួកគាត់បានធ្វើហើយជូនពួកគាត់តែប៉ុណ្ណោះ។ ព្រោះករណីនេះ អាជ្ញាធរខេត្ត មានអភិបាលរងខេត្តបានចុះមកម្តងហើយកាលពីចុងឆ្នាំ២០២៤ ដោយថា នៅដើមឆ្នាំ២០២៥នេះនឹងបន្តជួបដោះស្រាយជូនគាត់ តែមិនឃើញសោះ ទើបនាំគ្នាមកតែម្តង។

ឆ្លើយតបនិងបងប្អូនប្រជាពលរដ្ឋ មកដល់សាលាក្រុងលោក ចូវ សុភឿត ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណងនិងភូមិបាលក្រុងប៉ោយប៉ែតបានចេញជួបបងប្អូនប្រជាពលរដ្ឋ ពន្យល់ពីមូលហេតុដែលជំនាញមិនអាចផ្តល់ប័ណ្ណជូនបាន ដោយសារទីតាំងដីដែលបងប្អូនបានចុះបញ្ជីរួចហើយ មានអ្នកមានប័ណ្ណកម្មសិទ្ធិ ចំនួន៩ប័ណ្ណ លើផ្ទៃដី៤៥ហិចតា ទើបត្រូវដោះស្រាយសិន។ បន្ទាប់ពីលោកប្រធានការិយាល័យ ចេញជួបពលរដ្ឋ អាជ្ញាធរក្រុង បានអនុញាតអោយពួកគាត់ចូលក្នុងសាលប្រជុំសាលាក្រុងដើម្បីជួបដោះស្រាយ ដោយដឹកនាំដោយលោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត ជាមួយពលរដ្ឋទាំងអស់។ ក្នុងនោះលោកអភិបាលរងក្រុង ក៏បានពន្យល់ និងណែនាំអោយបងប្អូន ត្រូវត្រៀមឯកសារ និងរើសតំណាង ដើម្បីចូលរួមដោះស្រាយ នៅពេលក្រោយព្រោះរឿងនេះ ក្រុងនឹងធ្វើរបាយការណ៍ជូនខេត្ត ដូចនេះសូមអោយបងប្អូនត្រឡប់ទៅវិញ កុំមានការភ័យព្រួយគេមកយកដីអី គឺការដោះស្រាយតាមសន្តិវិធី ទើប ប្រជាពលរដ្ឋព្រមត្រឡប់ទៅវិញ។

សូមបញ្ជក់ថា ស្របពេលដែលរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ លើការដោះស្រាយទំនាស់ដីធ្លី និងការចុះបញ្ជីដីជូនពលរដ្ឋ និងស្របពេលដែលពលរដ្ឋកំពុងសាទរ និងអបអរបានទទួលបានប័ណ្ណកម្មសិទ្ធិដីប្រកបដោយសុវត្ថិភាព ស្រាប់តែនៅក្រុងប៉ែតប៉ែត កើតចេញជាបញ្ហាទំនាស់ មានអ្នកប្តឹងជំទាស់ លើការធ្វើប័ណ្ណកម្មសិទ្ធិ នៅពេលនិងក្រោយពេលជំនាញ ចុះវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ទាំងពលរដ្ឋខ្លះបានកាន់កាប់តាមរយៈការទិញលក់តៗ គ្នារស់នៅ១០ទៅ២០ឆ្នាំហើយ មិនដែលមានអ្នកមកតវ៉ាទេ ៕

CATEGORIES
Share This