រដ្ឋមន្ដ្រីកសិកម្ម ណែនាំក្រុមហ៊ុនឱ្យសិក្សាបន្ថែមពីការផលិតថាមពលអគ្គីសនី តាមរយៈធ្យូងអង្កាមសម្រាប់ផលិតកម្មស្រូវអង្ករ
កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាបន្ថែមលើការផលិតថាមពលអគ្គិសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតស្រូវអង្ករ។ការណ៍នេះគ្រាដែលដឹកនាំក្រុមការងារបច្ចេកទេសក្រសួងនិងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្ត ស្រុកគងពិសីចុះទស្សនកិច្ចនៅរោងចក្រអង្ករខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP)និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះលោក ឌិត ឌីណា បានចុះត្រួតពិនិត្យពីខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រអង្ករនិងបានពិនិត្យមេីលពីសណ្ឋានភាពទំហំស្តុកជាក់ស្តែងសម្រាប់ជួយអន្តរាគមន៍ប្រជាកសិករដាំស្រូវ។ហើយលេីសពីនេះលោកបានណែនាំដល់រោងចក្រអង្ករឱ្យមានការសិក្សាបន្ថែមពីការទទួលយកថាមពលអគ្គីសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតកម្មស្រូវអង្ករពិចារណាក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគ សំដៅកាត់បន្ថយថ្លៃដេីមផលិត និងជួយគាំទ្រវិស័យកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម។
ជាមួយនោះលោកបានដឹកនាំក្រុមការងារបន្តជួបសំណេះសំណាលជាមួយសហគមន៍កសិករព្រៃវិហារ ដែលមានសមាជិក៩៤៥នាក់ ធ្វេីទៅលេីផលិតកម្មបន្លែ និងការដាំស្រូវវស្សាសម្រាប់អាជីវកម្ម។ទន្ទឹមនឹងនេះ លោកបានលេីកទឹកចិត្តដល់សហគមន៍ឱ្យពិនិត្យលទ្ធភាពក្នុងការជំរុញទៅជាសហគមន៍កសិកម្មទំនេីបដែលមានទុនគ្រប់គ្រាន់ មានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប មានផែនការផលិតច្បាស់លាស់ មានការគាំទ្រពីក្រសួងកសិកម្ម និងមានទីផ្សារពិតប្រាកដ។
រដ្ឋមន្ដ្រីកសិកម្ម បានលើកឡើងដោយគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រេីប្រាស់ពូជស្រូវខ្មែររួមមាន ពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលបានរក្សានូវតម្លៃទីផ្សារបានយ៉ាងល្អ មានតម្រូវការទីផ្សារខ្ពស់ និងមានការអន្តរាគមន៍ពីក្រសួងកសិកម្មផ្ទាល់ ជាជាងការដាំពូជស្រូវដែលនាំចូលពីបរទេស។
បន្ថែមពីនេះលោករដ្ឋមន្ដ្រីក៏បានលេីកទឹកចិត្តឱ្យប្រជាកសិករពិចារណារួមគ្នាក្នុងការឆ្លេីយតបឱ្យចំគោលដៅ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅលេីអ្នកកេងចំនេញដេីម្បីប្រជាប្រិយភាពនិងអ្នកកេងចំនេញប្រយោជន៍នយោបាយតាមបណ្តាញសង្គម ដោយបានយកផលលំបាករបស់ប្រជាកសិករនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលធ្វេីជាអាជីវកម្មនិងបង្កេីនភាពល្បីល្បាញរបស់ខ្លួនផងដែរ ៕






ដោយ ៖ ប៊ុត សារុន