សំណងរាំងមាំសង់លើចំណីស្ទឹងអូសោម អាជ្ញាធរឃុំថា “មានច្បាប់” ឯប្រធានរដ្ឋបាលស្រុកវាលវែងថា “ដីចំណីស្ទឹង ក្រុមការងារបានចុះហាមឃាត់ធ្វើកិច្ចសន្យាម្តងហើយ”

ពោធិ៍សាត់ ៖ សំណង់រឹងមាំមួយកន្លែង កំពុងសាងសង់ជិតមាត់ស្ទឹងអូរសោម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលគេនិយាយតគ្នាថា ជារបស់អ្នកមានលុយមានអំណាច មិនមានអ្នកហ៊ានប៉ះសូម្បីតែឈ្មោះ ក៏មិនមានអ្នកហានប្រាប់ កំពុងសាងសង់យ៉ាងរលូន ទាំងក្រុមការងាររដ្ឋបាលស្រុកវាលវែង ធ្លាប់បានចុះហាមឃាត់ និងធ្វើកិច្ចសន្យាម្តងរួចទៅហើយ តែបែរជាអាជ្ញាធរឃុំអូរសោមថា មានច្បាប់ទៅវិញ។

តាមព័ត៌មានដែលទទួលបាន ទីតាំងដែលគេកំពុងសាងសង់នោះ គឺ ស្ថិតនៅជាប់មានស្ទឹងអូរសោម ដោយកំពុងតែសាងសង់អាគារពីបេតុងរៀងទ្រវែង មានសណ្ឋានដូចជាសណ្ឋាគារ លំដាប់ផ្កាយ លើផ្ទៃដីកំពុងឈុសឆាយចាក់ដីយ៉ាងធំទូលាយ។

តាមរយៈលោកមេឃុំអូសោម បានផ្ដល់កិច្ចសម្ភាសន៍ឲ្យសារព័ត៌មានយើងបានដឹងថា សំណង់ដែលកំពុងសាងសង់លើដីចំណីស្ទឹង ត្រង់ចំណុចអតីតទីស្នាក់ការបរិស្ថាននោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្នុងនោះលោក ជា ដារី ប្រធានសូរិយោដីស្រុក ក៏ឆ្លើយប្រាប់មកអង្គភាពយើងថា មានច្បាប់អនុញ្ញាតក្នុងការសាងសង់ដែរ តែលោកមិនអាចបញ្ចេញឈ្មោះម្ចាស់សំណង់នោះបានទេ។

ជុំវិញការសាងសង់សំណង់រឹងនេះដែរលោក ធាង ឡេង អភិបាលស្រុកវាលវែងបានប្រាប់មកអង្គភាពយើងថា បើចង់ដឹងច្បាស់ត្រូវសួរទៅខាងប្រធានរដ្ឋបាលស្រុក ទើបគេដឹងច្បាស់ជាងលោក ។

ដោយឡែកបើយោងតាមលោកនាយករដ្ឋបាលស្រុកវាលវែង បានបញ្ជាក់ប្រាប់មកអង្គភាពយើងថា ការសាងសង់សំណង់រឹងលើចំណីស្ទឹងខាងលើនេះ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ មួយលើករួចមកហើយ កាលពីខែតុលា ឆ្នាំ២០២៤ តែគេមិនអនុវត្តតាម។ ចំពោះខាងលោក បានត្រឹមតែធ្វើកិច្ចសន្យាបញ្ឈប់តែប៉ុណ្ណោះបើគេនៅតែបន្តទុកអោយខាងមន្ទីរជំនាញចាតការទៅចុះ។

ទាក់ទងនឹងថា មានច្បាប់ឬអត់ច្បាប់ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីម្ចាស់សំណង់បានទេ សូម្បីតែឈ្មោះ ឬលេខទូរស័ព្ទ ។

អង្គភាពសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ម៉ោងធ្វើការទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន ៕

ដោយ ៖ K-P

CATEGORIES
Share This