ល្បែងស៊ីស​ងតាមអនឡាញជល់​មាន់ ឡូតូ និងបៀរ បើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងក្រុងសៀមរាប

សៀមរាប ៖ បទល្មើសល្បែងស៊ីសងតាមអនឡាញ ប្រភេទជល់មាន់ ឡូតូ និង បៀរ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងជ្រោកក្រោមតារាងបាល់ទះ និងហាងកាហ្វេ ក្នុងទឹកដីក្រុងសៀមរាប ពិសេសនៅចំណុចសង្កាត់គោកចក ក្រុងសៀមរាប ដោយមានអ្នកញៀនល្បែង ចូលលេងយ៉ាងពពាក់ពពូន ចាក់ចាញ់ឈ្នះរាប់លានរៀលក្នុងការភ្នាល់ម្តងៗ ។

ការកើតឡើងវិញនូវល្បែងសុីសងខាងលើ ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈ ដោយសារប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវបទបញ្ជាយ៉ាងម៉ើងម៉ាត់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត និងមានវិធានការចំពោះអ្នកដែលប្រព្រឹត្តពិសេស សំដៅទៅលើអ្នកដែលនៅពីក្រោយខ្នង នៃបទល្មើសតែម្ដង ។

ល្បែងស៊ីសងតាមអនឡាញ នៅចំណុចខាងលើ មាននៅទីតាំងជិតៗគ្នា ដោយកន្លែងខ្លះលេងនៅក្នុងបន្ទប់បិទជិត និងខ្លះទៀត នៅខាងក្រៅលេងបៀរមានពីរវង់ និងខ្លះទៀតលេងចាក់មាន់តាមទូរស័ព្ទ ជាពិសេសនៅតារាងបាល់ទះ យីហោក្លឹបកីឡាបាល់ទះក្រុងអង្គរដែលស្ថិតនៅក្នុងភូមិសាលាកន្សែន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបជាដើម ។

ពាក់ព័ន្ធនឹងករណីល្បែងសុីសងខាងលើ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា លោកនឹងឱ្យមន្ត្រីក្រោមឱវាទ ចុះទៅពិនិត្យមើលព្រោះម្តុំនោះ លោកបានអោយមន្រ្តីចុះម្តងហើយ ។

តែទោះយ៉ាងនេះក្តី ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ល្បែងស៊ីសងនៅក្នុងក្រុងសៀមរាប បន្ទាប់ពីល្បែងសុីសងបានស្ងាត់មួយរយៈខ្លី នៅពេលដែលប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យបិទនោះ សមត្ថកិច្ចហាក់មិនសូវឃើញចុះបង្រ្កាបឡើយ ។

ប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប សង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចនឹងចុះបង្រ្កាបទៅតាមវិធានការរបស់រដ្ឋាភិបាល ដែលបានដាក់ចេញតាំងពីសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី។ លុះមកដល់នីតិកាលទី៧ ដែលមានសម្តេចបវរធិបតីជានាយករដ្ឋមន្រ្តី ក៏នៅតែដាក់វិធានការ អោយអាជ្ញាធរ និងសមត្ថកិច្ចបង្រ្កាបអោយបានផងដែរ ៕

CATEGORIES
Share This