អាជីវករផ្សារបឹងឈូក ប្រមូលផ្តុំគ្នាជាថ្មី ដើម្បីស្នើសុំពន្លឿនការសាងសង់ផ្សារ និងដោះស្រាយសំណង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជីវករផ្សារបឹងឈូក ជាង៥០នាក់ បានប្រមូលផ្តុំគ្នាជាថ្មី នៅខាងមុខផ្សារដើម្បីស្នើសុំអោយថ្នាក់លើ ក៏ដូចជាម្ចាស់ក្រុមហ៊ុនផ្សារ ពន្លឿនក្នុងការសាងសង់ផ្សារឡើងវិញ និងដោះស្រាយសំណងជូនពួកគាត់។

អាជីវករបានលើកឡើងដូចៗគ្នាថា ពួកគាត់ជាអាជីវករមួយរយៈធំនេះបានរងចាំចម្លើយពីម្ចាស់ក្រុមហ៊ុនផ្សារតែមិនទាន់មានចម្លើយ ដែលពួកគាត់ម្នាក់ៗសុទ្ធតែជំពាក់ធនាគារ អញ្ចឹងកំពុងជួបបញ្ហាសេដ្ឋកិច្ចច្រើន និងបញ្ហាជីវភាពគ្រួសារផងដែរ ព្រោះពួកគាត់បានកម្មង់អីវ៉ាន់ចូលច្រើនហើយត្រូវបានអគ្គិភ័យឆេះឡើងដែលមិននឹកស្មានដល់ ហើយពេលដែលឆេះនេះវាមិនមែនជាបន្ទុករបស់អាជីវករទេ ព្រោះឆេះនៅម៉ោង០៨ ទៅម៉ោង០៩ ហើយអាជីវករពេលចេញនៅម៉ោង០៦ទៅម៉ោង០៧ គឺខាងផ្សារបានបិទគប់ភ្លើងធំហើយ ហើយពួកគាត់ដែលនៅគឺមិនមានភ្លើងប្រើទេ។

ពួកគាត់បានលើកឡើងទៀតថា ពួកគាត់បានបង់ថ្លៃតូប ផាស៊ី អនាម័យ គឺទៀងទាត់ពេលវេលា អញ្ចឹងហើយពួកគាត់មិនព្រមហើយក៏មិនសុខចិត្តដែរ ព្រោះរឿងនេះជាបន្ទុករបស់ក្រុមហ៊ុន គាត់ត្រូវតែដោះស្រាយជូនពួកគាត់ ដូច្នេះហើយពួកគាត់នាំគ្នាមកថ្ងៃនេះក្នុងគោលបំណងស្នើសុំអោយសម្តេចជួយដោះស្រាយជូនអាជីវករផង ព្រោះពួកគាត់កំពុងលង់ទឹកហើយ សូមសម្តេចជួយអោយខាងក្រុមហ៊ុនដោះស្រាយសំណងណាមួយសមរម្យជូនពួកគាត់អោយអស់ចិត្តផង និងមួយវិញទៀតសុំអោយខាងក្រុមហ៊ុនពន្លឿនការសាងសង់ផ្សារអោយពួកគាត់ឆាប់បានលក់ដូរវិញផង ព្រោះលក់នៅទីតាំងផ្សេងគីលក់មិនដាច់ទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គីភ័យបានឆេះផ្សារបឹងឈូកនៅចំណុចក្រុមទី៤២ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្តាលអោយខូចខាតអគារជាន់ទី០១ទំហំ ២៧ម៉ែត្រ × ៦៣ម៉ែត្រ សង់អំពីបេតុង និងតូបអាជីវករលក់ដូរមាន ក្រណាត់ ខោអាវ គ្រប់ប្រភេទ ឆេះខូចខាតទាំងស្រុងចំនួន ១៣០តូប ខូចខាតគិតជាទឹកប្រាក់សរុបប្រហែល ១.០០០.០០០ ដុល្លារ ( មួយលានដុល្លារអាមេរិក ) ៕

ដោយ ៖ សាលី

CATEGORIES
Share This