កម្ពុជាជំរុញវិនិយោគិនជប៉ុន លើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ទាក់ទាញវិនិយោគិនជប៉ុន ពិចារណា លើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប និងគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យថាមពលនៅកម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម មិកកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃជប៉ុនប្រចាំនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។
ក្នុងជំនួបខាងលើនេះ ឯកឧត្តម ស៊ុយ សែម បញ្ជាក់ពីជំហរនៃបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន និងការមិនរៀបចំគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោងដែលបានសម្រេចរួចហើយតាំងពីឆ្នាំ២០១៩។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការវិនិយោគរបស់ក្រុមហ៊ុនថាមពលជប៉ុននៅកម្ពុជាផងដែរ គឺគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដើរដោយធ្យូងថ្មអានុភាព 135MW ខេត្តព្រះសីហនុ និងការផ្តត់ផ្គង់នាឡិកាស្ទង់អគ្គិសនី ក៏ដូចជាគម្រោងបណ្តុះបណ្តាលបច្ចេកទេសដែលជាជំនួយពីភាគីជប៉ុនផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរាជទូត ជួយផ្សព្វផ្សាយនិងគៀងគរក្រុមហ៊ុនវិនិយោគជប៉ុន មកកម្ពុជាបន្ថែមទៀតលើគម្រោងអភិវឌ្ឍន៍រោងចក្រអគិ្គសនី និងគម្រោងខ្សែបណ្តាញបញ្ជូនអគិ្គសនី ក៏ដូចជាបន្តផ្តល់ជំនួយបច្ចេកទេស និងគម្រោងបណ្តុះបណ្តាលបន្ថែមទៀតជូនក្រសួង។
ជាការឆ្លើយតបឯកឧត្តមឯកអគ្គរាជទូត មានប្រសាសន៍ថា ស្ថានទូតជប៉ុន មានបំណងស្វែងយល់អំពីគម្រោងអន្តរកាលថាមពល និងអព្យាក្រឹត្យកាបូនកម្ពុជា ការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន ជាមួយនឹងការរៀបចំគោលនយោបាយ និងការអភិវឌ្ឍគម្រោងស្តីពីប្រសិទ្ធភាពថាមពល៕