សម្ដេចតេជោ ស្នើសុំឲ្យទីម័រខាងកើតបញ្ជាទិញអង្ករ និងអាចមកវិនិយោគរោងម៉ាស៊ីនស្រូវ នៅកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការចាប់យកវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវ ទាំងខាងឃ្លាំងស្តុកស្រូវ ទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បីជាសេរីភាពសម្រាប់ការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន មានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត អាដាហ្សា អាល់ ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស ប្រទេសទីម័រខាងកើត ចូលជួបសំដែងការគួរសម នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ។
ក្នុងនោះ សម្ដេច ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិចារណាលើកិច្ចសហប្រតិបត្តិការត្បូងត្បូង ជាពិសេសពិនិត្យឱ្យមានកិច្ចព្រម ព្រៀងគាំពារវិនិយោគ រវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិន យកពន្ធត្រួតគ្នា រវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានផ្ញើជូននូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នៃប្រទេសទីម័រខាងកើត ហើយក៏បានជូនពរឱ្យដំណើរការរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ទីម័រខាងកើតនាពេលខាងមុខ ទទួលបានជោគជ័យ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
ក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រខាងកើត បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ធ្វើយ៉ាងណាឱ្យប្រទេសទីម័រខាងកើត បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពីភពលោក (WTO) និងជាសមាជិកអាស៊ានឱ្យបានឆាប់។
លោកស្រី បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ក្នុងការដឹកនាំកម្ពុជាឱ្យមានសុខសន្តិភាពសេរីភាព និងការអភិវឌ្ឍលឿនជាទីបំផុត៕