អគ្គនាយករងអន្តោប្រវេសន៍ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ នៅតាមប៉ុស្ដិ៍នៃច្រកទ្វារអន្ដរជាតិ

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធាន​ក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តមឧត្តមសេនីយ៍ឯក ​អគ្គនាយកអន្តោប្រវេសន៍ រយៈពេល២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ អាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម ព្រំ ដូង និងភ្នំដី នៃនាយកដ្ឋានច្រកទ្វារទី១។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍​ឯកអគ្គនាយកដល់​មន្រ្តី​នគរបាលអន្តោប្រវេសន៍​ដែល​ប្រចាំការនៅទីនោះផងដែរ។

ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ បានធ្វើការកោតសរសើរចំពោះការខិតខំ​ប្រឹងប្រែង​ធ្វើការងារ ​និងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាតិ-អន្ដរជាតិ​ ដោយ​បញ្ចេញ​ស្នាម​ញញឹម​រាក់ទាក់​ស្វាគមន៍​របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ផងដែរ​។

ជាចុងបញ្ចប់​ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ ក៏បាន​ធ្វើការណែនាំ ​និងក្រើនរំលឹកដល់មន្ដ្រីរបស់ខ្លួន ឱ្យគោរពវិន័យ ​ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ឲ្យ​បាន​ល្អប្រសើរថែមទៀត ​ការ​ស្លៀកពាក់​ឯកសណ្ឋានឱ្យ​បានត្រឹមត្រូវក្នុងពេលបំពេញការងារ៕

CATEGORIES
Share This