រដ្ឋមន្ត្រីសាធារណការ ៖ ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺថ្មី ត្រូវធ្វើជាមន្ត្រីល្អប្រកាន់ខ្ជាប់ នូវទិសស្លោក ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព

កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានក្រើនរំឭកដល់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលទើបប្រកាសតែងតាំងថ្មី ឱ្យប្រកាន់ខ្ជាប់ ធ្វើជាមន្ត្រីល្អដើម្បីឆ្លើយតបទៅនិងប្រកាសណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកន្លងមក និងត្រូវអនុវត្តឱ្យបាននូវទិសស្លោក ធ្វើឱ្យបាន ធ្វើឱ្យឆាប់និង ធ្វើឱ្យមានតម្លាភាព ជាងនេះត្រូវមានវិធានការក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវរឹតបន្តឹង និង ចៀសវាងឱ្យបានដាច់ខាតការដឹកជញ្ជូនលើសទម្ងន់លើសកម្រិតកំណត់និងការអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវឱ្យមានប្រសិទ្ធភាព គណនេយ្យភាព និង សក្តិសិទ្ធភាព ដោយត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយនិងចលនាមហាជនឱ្យគោរពច្បាប់ចរាចរណ៍ និងអនុវត្តក្នុងការរឹតបន្តឹងនូវការពាក់មួកសុវត្ថិភាពនៅក្នុងពេលបើកបរយានយន្តលើដងផ្លូវ ជាដើម ។

ការក្រើនរំឭកនេះធ្វើឡើងក្នុងឱកាសប្រកាសនិងផ្ទេរភារកិច្ចលោក ជិញ គួង ពីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពត មកជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺជំនួសលោក ស៊ូ ស៊ុន្ធរ៉ា ដែលត្រូវផ្ទេរភារកិច្ចជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

លោក ប៉េង ពោធិ៍នា គូសបញ្ជាក់ថា៖ការផ្លាស់ប្តូរមុខនូវតំណែងនិងតួនាទីមន្ត្រីរាជការគឺជាកិច្ចដំណើរការប្រព្រឹត្តទៅក្នុងជីវភាពការងាររបស់មន្ត្រីដែលបានបំរើការងាររដ្ឋ។ហើយវាក៏ជាឱកាសផ្តាស់ប្តូរនូវមុខងារនិងបទពិសោធន៍ការងាររថ្មីៗ បន្ថែមទៀត ពិសេសបណ្តុះនូវស្មារតីនិងបទពិសោធន៍ វប្បធម៌ចែករំលែកចំណេះដឹងនិងបទពិសោធន៍ ក្នុងការជម្រុញនូវគំនិតផ្តួចផ្តើមថ្មីៗដល់មន្ត្រីដើម្បីឆ្លើយតបទៅនិងកំណែទម្រង់ស៊ីជម្រៅនៃរដ្ឋបាលសាធារណៈនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការសំដៅបង្កើនប្រសិទ្ធភាពក្នុងការបម្រើជាតិមាតុភូមិឱ្យមានការរីកចម្រើនថែមទៀត។

រដ្ឋមន្ត្រីបានរំលេចដែរថា តាមរយៈសមត្ថភាពបទពិសោធន៍ និងការងារជំនាញរបស់លោក ជិញ គួង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនថ្មីរបស់កំពង់ស្ពឺ នៅពេលនេះគឺផ្តើមចេញលើជំនាញនិងបទពិសោធន៍និងផ្តើមពីការផ្តល់នូវទំនុកចិត្តដ៏មុតមាំពីអាជ្ញាធរខេត្តនិងក្រសួងផ្ទាល់ក្នុងដំណាក់កាលកែទម្រង់សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីរួមគ្នាបន្តការកសាងនិងអភិវឌ្ឍន៍និងរួមគ្នាខិតខំថែទាំនូវបណ្តាញរចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាក្បាលម៉ាស៊ីនជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាមួយនេះលោករដ្ឋមន្ត្រីក៏បានរំពឹងទុកថាប្រធានមន្ទីរថ្មី និងខិតខំបន្តនូវប្រពៃណីក្នុងការពង្រឹងនូវធ្លុងសាមគ្គីភាពផ្ទៃក្នុងរួមគ្នាជាមួយមន្ត្រីក្រោមឱវាទ ខិតខំជម្រុញឱ្យវិស័យសាធារណការ និងដឹកជញ្ជូនបានកាន់តែល្អប្រសើរនិងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តកាន់តែមានសក្តានុពលរីកចម្រើនឡើងបន្ថែមទៀត ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This