អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និង រាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបានកន្លងមក។ លោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី និងប្រធានគណៈប្រតិភូ ដែលបានចុះមកធ្វើសវនកម្មផ្ទៃក្នុងនាពេលនេះ និងការជំរុញដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ និងជាប្រធានគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ថ្លែងនូវការកោសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អនុវត្ត តួនាទី ភារកិច្ចបំពេញការងារកន្លងមករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ។

ឯកឧត្តម គណៈធិបតី បានមានប្រសាសន៍ថា ការចុះធ្វើសវនកម្មនាពេលនេះ គឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុច្ចរិតភាព នៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិ របស់អង្គភាពស្នងការដ្ឋាននគរបាលនីមួយៗ គឺដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន និងដាក់ចេញនូវអនុសាសន៍កែលម្អចំនុចខ្វះខាត ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ៕

CATEGORIES
Share This