អភិបាលខេត្តកំពង់ស្ពឺ វាយតំលៃដល់កម្លាំងសមត្ថកិច្ច ដែលគ្រប់គ្រងសភាពការណ៍សន្តិសុខបានល្អ ក្នុងឱកាសកំពង់ស្ពឺសង្ក្រាន្ត

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានអះអាងថា កំពង់ស្ពឺសង្ក្រាន្តរយៈពេល៣ថ្ងៃកន្លងទៅនេះ មិនមានបទល្មើសកើតឡើងឡើយនៅតាមបណ្តាក្រុង ស្រុក គ្រាដែលកម្លាំងសមត្ថកិច្ចកំពុងជាប់ដៃក្នុងការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥។ការអះអាងនេះធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ក្នុងឱកាសចូលរួមអាហារជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ នាពេលកន្លងមកនេះ កម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថខេត្តពិតជាបានរួមគ្នាក្នុងការទប់ស្កាត់រាល់បទល្មើស ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្ត ក្នុងរយៈពេលកន្លងទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមិនមានបទល្មើសណាមួយគួរឱ្យកត់សម្គាល់ឡើយ ដែលនេះបានមកពីការឯកភាពគ្នា ខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់បន្ថែមថា ជាមួយនិងការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំង២ប្រភេទ បានធ្វើឱ្យដំណើរការនៃការប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីប្រព្រឹត្តិទៅយ៉ាងរលូននិងសប្បាយរីករាយ ដែលរយៈពេល៣ថ្ងៃខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិស្នាក់នៅនិងដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍និងកម្សាន្តសប្បាយជាមួយការរៀបចំកំពង់ស្ពឺសង្ក្រាន្តរបស់រដ្ឋបាលខេត្តមានចំនួនរហូតដល់ទៅជិត២លាននាក់។

លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ផងដែរថា ក្នុងឱកាសកំពង់ស្ពឺសង្ក្រាន្តរយៈពេល៣ថ្ងៃកន្លងទៅនេះ កម្លាំងនគរបាលគ្រប់ក្រុងស្រុកបានប្រុងជើងការជាប់ជានិច្ចក្នុងការបង្ការ សង្គ្រោះនិងបង្ក្រាបរាល់បទល្មើសដែលនិងកើតមានឡើងក្នុងពេលកំពុងទទួលសង្ក្រាន្តឆ្នាំថ្មី។កម្លាំងត្រូវបានពង្រាយនៅគ្រប់គោលដៅនិងបញ្ចៀបចូលទៅក្នុងហ្វូងមនុស្សដើម្បីប្រសិទ្ធិភាពក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបទាន់ពេល។

លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថា នៅក្នុងឱកាសសង្ក្រាន្ត ក្រុមគ្រូពេទ្យ​របស់មន្ទីរ​សុខាភិ​បាល​ខេត្ត​កំពង់ស្ពឺ​ បានជួយសង្រ្គោះ​ក្មេង​ស្រី​ម្នាក់​ មានបញ្ហាសុ​ខភាព​ នៅតំ​ប​​ន់​B1ឱ្យមានស្ថា​ន​ភាពសុខភាព​ល្អប្រសើរ​ឡេីងវិ​ញ សង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត១៦៣នាក់ ស្រី ១១៩នាក់និងបានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន ៦៣នាក់ផងដែរ។ជាងនេះទោះជាកម្លាំងត្រូវបានពង្រាយនិងបញ្រ្ចៀបចូលជ្រៅទៅក្នុងហ្វូងមនុស្ស បទល្មើសនៅតែកើតមានដែលបង្កដោយជនឆ្លៀតឱកាស ដោយក្នុងនោះបានវះកាបូបយកទូរស័ព្ទដៃអស់១៧គ្រឿង។កើតមានគ្រោះថ្នាក់ចរាចរណ៍២លើកបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់និង៣នាក់ទៀតរងរបួស និងគ្រោះថ្នាក់ផ្សេងៗ ៣លើកស្លាប់មនុស្ស ៤នាក់ផងដែរ។

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This