រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារ ក្រោយបញ្ចប់ព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”
បាត់ដំបង ៖ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលនិងប្រគល់អំណោយជូនកងកម្លាំងនិងក្រុមការងារដែលចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានជួបសំណេះសំណាលថ្លែងអំណរគុណ និងប្រគល់អំណោយជូនកងកម្លាំងនគរបាលខេត្តបាត់ដំបង កងកម្លាំងអាវុធហត្ថខេត្ត កងកម្លាំងតំបន់សឹករងខេត្ត ក្រុមអគ្គិសនីបាត់ដំបង ក្រុមគ្រូពេទ្យ និងបុគ្គលិករដ្ឋាករទឹកបាត់ដំបង ដែលបានចូលរួមក្នុងការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥” ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីពេលថ្មីៗនេះ។
អំណោយដែលបានប្រគល់ជូននាឱកាសនោះរួមមាន ៖ កងកម្លាំងនគរបាលខេត្ត ចំនួន ៧០៦នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, កងកម្លាំងអាវុធហត្ថខេត្ត ចំនួន ១១៧នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, កងកម្លាំងតំបន់សឹករងខេត្ត ចំនួន ៥០នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, ក្រុមអគ្គិសនីបាត់ដំបង ចំនួន ៨២នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, ក្រុមគ្រូពេទ្យ ចំនួន ១ក្រុម ទទួលបានថវិកា ២០លានរៀល និងបុគ្គលិករដ្ឋាករទឹក ចំនួន ១ក្រុម ទទួលបានថវិកា ២០លានរៀល ផងដែរ ៕















ដោយ ៖ សាលី