បីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជិត ២លាននាក់

បាត់ដំបង ៖ រយ:ពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក៏ដូចជាវត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបង មានចំនួនជិត ២លាននាក់។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា ក្នុងអំឡុងពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋបានចូលមកលេងកម្សាន្តនៅតាមគោលដៅរមណីយដ្ឋាននានា ក៏ដូចជាវត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបងមានចំនួន ១,៧៤១,៧៩៥ នាក់  ហើយក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំង ១,៧៤១,៧៩៥ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១,៧៣៨,៩០៦ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២,៨៨៩ នាក់។

កត្តាដែលភ្ញៀវទេសចរចូលក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះបានហក់ឡើងខ្ពស់ដោយសារ ប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍ផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ មានសន្តិសុខល្អ អំណោយផលពីអាកាសធាតុ ជាពិសេសមានការរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តធំនៅកណ្តាលទីប្រជុំជនក្រុងបាត់ដំបងតែម្តង ៕

ដោយ ៖ សាលី

CATEGORIES
Share This