ស្ត្រីម្នាក់បានស្លាប់ ចំណែកប្តីនិងកូនម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុក អូសជាច្រើនម៉ែត្រ
បាត់ដំបង ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ ចំណែកប្តីនិងកូនម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុក អូសជាច្រើនម៉ែត្រនៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកហាយវេ(កំពង់ពិល) ស្ថិតក្នុងក្រុមទី២៨ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ០៣គ្រឿងបានធ្វើដំណើរតាមបណ្តោយផ្លូវហាយវេក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះម៉ូតូ០២គ្រឿបានឆ្លងផុត នៅសល់ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AC-2632 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាប្រពន្ធនិងកូនតូចម្នាក់ ក៏ត្រូវរថយន្តម៉ាក Food RANGER ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង2E-0606 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតបានជ្រុលមកបុករួចកិនអូសម៉ូតូជិត១០០ម៉ែត្រ បណ្តាលឱ្យស្រ្តីឈ្មោះ សាន់ ពះ អាយុ៣២ឆ្នាំស្លាប់ភ្លាមៗ ចំណែកប្តីនិងកូនអាយុ៥ឆ្នាំម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់និងទាក់ទងទៅជំនាញមកធ្វើការវាស់វែង ធ្វើកំណត់ហេតុយក មធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ដោយ ៖ សាលី