អាជ្ញាធរក្រុងម្បារមន ណែនាំបងប្អូនប្រជាពលរដ្ឋឱ្យទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវសោភ័ណស្អាតក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត

កំពង់ស្ពឺ ៖ រដ្ឋបាលក្រុងច្បារមន បានដាក់ពង្រាយធុងសម្រាមចល័ត នៅគ្រប់ទីតាំង ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តនាថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានទុកដាក់ឱ្យមានរបៀបរៀបរយ។

លោក ទឹម ផានូ  អភិបាលក្រុងច្បារមនបានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះថា ក្រុមការងារអនាម័យក្រុងបានដាក់ពង្រាយធុងសម្រាមចល័តយ៉ាងច្រើននៅតាមទីសាធារណៈនៃកន្លែងរៀបចំប្រារព្ធពិធី ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋបានទុកដាក់សម្រាម ជៀសវាងការបោះចោលពាសវាល ពាសកាល ឬបោះចូលទៅក្នុងស្ទឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ។

លោកបន្ថែមថា នៅក្នុងកំឡុងនៃព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត ក្រុមអនាម័យបោសសម្អាតបរិស្ថានក្រុងនឹងចេញធ្វើការសំអាតរៀងរាល់មុននិងក្រោយកម្មវិធី ដើម្បីធ្វើយ៉ាងណាធ្វើឱ្យបរិវេណតាមបណ្តោយដងស្ទឹងព្រែកត្នោត ក៏ដូចជាក្នុងបរិវេណក្រុងគ្មានសម្រាម មានបរិស្ថានល្អ និងផាសុកភាព។ហើយចំពោះបងប្អូនអាជីវករលក់ដូរអាចសម្រាមទៅដាក់នៅក្នុងធុងសំរាមធំ(ទីតាំងសំរាមបណ្តោះអាសន្ន)ដូចមានគំនូសបង្ហាញទីតាំងក្នុងផែនទី។

អភិបាលក្រុងច្បារមន លោក ទឹម ផានូ ក៏បានបញ្ជាក់ផងដែរថា ក្រៅពីរដ្ឋបាលក្រុងដាក់ពង្រោយធុងសម្រាមនៅទីតាំងគោលដៅ អ្នកគ្រប់គ្រងស្តង់ក៏មានរៀបចំបង្គន់ចល័តបន្ថែមច្រើនកន្លែង បន្ថែមពីលើបង្គន់សាធារណៈពីរទីតាំងដែលស្ថិតនៅក្បែរកន្លែងប្រារព្ធពិធី ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តអាចដោះស្រាយទុក្ខលំបាកបានផងដែរ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This