មន្រ្តីជំនាញ ពិនិត្យរកឃើញមានសារធាតុគីមីហាមឃាត់ Formalin នៅ លើផលិតផលគ្រឿងសមុទ្រដែលដាក់លក់នៅទីផ្សារ

បាត់ដំបង ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីសាខា(ក.ប.ប)ខេត្តបាត់ដំបង និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគ បរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ និងតូបលក់ទំនិញនៅផ្សារមោងឫស្សី ស្ថិតក្មុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជាមួយកិច្ចចុះប្រតិបត្តិការខាងលើនេះដែរ មន្រ្តីជំនាញបានត្រួតពិនិត្យទំនិញសរុបចំនួន ១០តូប ក្នុងផ្សារ និងផ្ទះលក់ទំនិញជុំវិញផ្សារ០៥ផ្ទះ និងសម្រេចដកហូតមុខទំនិញដែលប៉ះពាល់សុខភាពរួមមាន ៖ មឹកដៃធំទម្ងន់ ១៩,៥គីឡូក្រាម មានសារធាតុគីមី Formalin, មឹកបំពង់ធំទម្ងន់ ៥,៥គីឡូក្រាម មានសារធាតុគីមី Formalin, ដៃមឹក ទម្ងន់ ១៩ គីឡូក្រាម មានសារធាតុគីមី Formalin ( សរុប៖ ៤៤គីឡូក្រាម) ។

ជាមួយគ្នានេះដែរ មន្រ្តីជំនាញក៏បានធ្វើការអប់រំណែនាំផ្សព្វផ្សាយនូវនីតិវិធី ឯកសារគតិយុត្តដែលពាក់ព័ន្ធទំនិញ ព្រមទាំងបិទ និងចែកផ្ទាំង POSTER បានចំនួន១៥ផ្ទាំង ជូនដល់អាជីវករ លក់ដូរផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This