នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងវិធានការ ទប់ស្កាត់អគ្គិភ័យនារដូវក្តៅ ដល់ពលរដ្ឋតាមមូលដ្ឋាន
បន្ទាយមានជ័យ ៖ យោងការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគ្រប់ប៉ុស្តិ៍ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ -សង្កាត់ មានសុវត្ថិភាពទាំង០៧យ៉ាង, ផលប៉ះពាល់នៃគ្រឿងញៀន, បានណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះបញ្ហាអគ្គិភ័យក្នុងរដូវក្តៅ និង យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ទៅចែកជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខ្នងផ្ទះ។
ក្នុងឱកាសជិតចូលបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិដែលខិតជិតមកដល់ឆាប់ៗនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាល តាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ចាត់តាំងកម្លាំងប្រចាំការ យាមល្បាត ២៤ម៉ោង ត្រៀម បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង អនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់៕























