មេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ និងកងកម្លាំងបូព៌ាប្រទេសថៃ ជួបពិភាក្សា ដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នា

បន្ទាយមានជ័យ ៖ ជំនួបរវាងមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធតាមព្រំដែននៃខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុងប៉ោយប៉ែត ជាមួយកងកម្លាំងបូព៌ាប្រទេសថៃកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានពិភាក្សាដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នានិងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អក្នុងការធ្វើការជាមួយគ្នា និងទំនាក់ទំនងល្អរវាងអង្គភាពយោធាក្នុងតំបន់នៃប្រទេសទាំងពីរ។

ពិធីជួបពិភាក្សានេះ ប្រព្រឹត្តធ្វើនៅក្នុងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដោយភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី   ប៊េន ចាផុន ដេតឆាតិវង្ស ណ: អយុថាយ៉ាមេបញ្ជាការ កងកម្លាំងបូព៌ា និងភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។

តាមរយៈជំនួបនេះកងកម្លាំងទាំងពីរកម្ពុជា-ថៃ បន្តយកចិត្តទុកដាក់សហប្រតិបត្តិការល្អ ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ បទល្មើសអនឡាញ ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ រក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា។

ជំនួបនេះធ្វើឡើងក្រោយប៉ុន្មានថ្ងៃ ដែលសមត្ថកិច្ចកម្ពុជាបានចុះបង្រ្កាបបាននៅក្រុមឧក្រិដ្ឋជនជនជាតិថៃ សម្ងំលួចលាក់ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ៕

CATEGORIES
Share This