ប្រធានគណកម្មការទី៧ នៃរដ្ឋសភា ៖ វិធីសាស្ត្រទាក់ម៉ូយរបស់សម្តេចធិបតី បានធ្វើឱ្យខេត្តកំពង់ស្ពឺ ក្លាយគោលដៅសម្រាប់អ្នកវិនិយោគ និងឱកាសការងារសម្រាប់ប្រជាពលរដ្ឋ

កំពង់ស្ពឺ ៖ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) លោក ប៉ា សុជាតិវង្ស បានលើកឡើងថា វិធីសាស្ត្រទាក់ម៉ូយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើឱ្យខេត្តកំពង់ស្ពឺ ក្លាយជាខេត្តគោលដៅសម្រាប់អ្នកវិនិយោគនិងឱកាសការងារយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋអ្នកខេត្តនេះ ។

ការលើកឡើងដូចនេះ គ្រាដែលដឹកនាំប្រតិភូនៃគណៈកម្មការ ជួបប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹងប្រធានមន្ទីរទាំង៤ ក្នុងបន្ទុកគណៈកម្មការ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានលើកឡើងដោយគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅវិនិយោគឈានមុខគេនៅកម្ពុជា ដោយទទួលបានចំនួនគម្រោងខ្ពស់បំផុតក្នុងឆ្នាំ ២០២៤កន្លងទៅ។ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន៤១៤ ដែលត្រូវបានអនុម័តទូទាំងប្រទេស ខេត្តកំពង់ស្ពឺបានទាក់ទាញគម្រោងចំនួន៩៣ ដែលឈរនៅលំដាប់កំពូល និងបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចដែលកំពុងកើនឡើង។ហើយជុំវិញការទាក់ទាញបាននូវអ្នកវិនិយោគដ៏ច្រើននេះ ក៏បានបង្ហាញឱ្យឃើញនូវការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ពិសេសគឺភាពឈ្លាស់វៃរបស់អ្នកដឹកនាំខេត្តកំពង់ស្ពឺដែលផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគ។

ទន្ទឹមនោះដែរលោក ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់និងក្រើនរំឭកផងដែរថា ការអភិវឌ្ឍនានាតាមមូលដ្ឋានតែងតែមានបញ្ហា និងការប្រឈមចៀសមិនរួច តែទាមទារឱ្យថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជំនាញទាំងអស់ បន្តរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ដោយគិតគូរកែច្នៃបញ្ហាប្រឈមទាំងនោះ ឱ្យក្លាយទៅជាឱកាស ដើម្បីជាផលប្រយោជន៍ និងជាអាទិភាព សម្រាប់ ប្រជាពលរដ្ឋទាំងមូល។រដ្ឋបាលខេត្ត ក៏ត្រូវធ្វើការវិនិច្ឆ័យ វាយតម្លៃស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន កំណត់នូវបញ្ហាប្រឈមនានា ដាក់ចេញនូវគោលដៅសកម្មភាព ឱ្យបានច្បាស់លាស់ ដើម្បីស្នើជាដំណោះស្រាយ ពីថ្នាក់ជាតិឱ្យចំគោលដៅ ព្រោះគោលការណ៍ណែនាំថ្នាក់ជាតិ ដែលបានដាក់ចេញឱ្យអនុវត្តជារួមនោះ មិនប្រាកដថាត្រូវនឹងបរិបទក្នុងខេត្តទាំងស្រុងនោះឡើយ។

យោងតាមការលើកឡើងរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងជំនួបនោះបានលើកឡើងថា ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាវិធីសាស្ត្រ«ទាក់ម៉ូយវិនិយោគ» របស់សម្តេចបានធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយជាបណ្តុំរោងចក្រសហគ្រាសដែលគិតមកដល់បច្ចុប្បន្នខេត្តនេះមានរោងចក្រសហគ្រាសប្រមាណ១៣៩២កន្លែងនិងមានកម្មករ កម្មការិនីជិត២៥ម៉ឺនកំពុងបម្រើការ។

អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ដោយមានការវិវត្តន៍ឆាប់រហ័សនៃកំណើនរោងចក្រ សហគ្រាសពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យខេត្តមួយនេះជួបនូវវិបត្តិកង្វះកម្មកររ៉ាប់ម៉ឺននាក់សម្រាប់បំពេញបន្ថែមនៅតាមរោងចក្រ សហគ្រាសទាំងនោះ។ដូច្នេះសម្រាប់បងប្អូននិងក្មួយៗដែលបានបញ្ចប់ការសិក្សាហើយកំពុងស្វែងរកការងារធ្វើនិងបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាដែលកំពុងចង់ចំណាកស្រុកទៅប្រទេសដទៃដើម្បីរការងារធ្វើដែរនោះ អាចប្តូរចិត្តហើយមកធ្វើការនៅខេត្តកំពង់ស្ពឺបាន ព្រោះការងារកំពុងរងចាំ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This