ប្រធានក្រុមការងាររាជរដ្ឋាភិបាល ណែនាំដល់ក្រុមការងារចុះជួយក្រុងស្រុកទាំង៩ ឱ្យដោះស្រាយ និងពន្លឿនសេវាសាធារណៈជូនប្រជាពលរដ្ឋ

កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយក្រុងស្រុកទាំង៩ ត្រូវដោះស្រាយរាល់សំណើរ សំណូមពរនិងពន្លឿនសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដែលទាំងអស់នេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋនៅពេលពួកគាត់មកទទួលសេវាផ្សេងៗ។

ការក្រើនរំឭកនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់យុទ្ធសាស្ត្របញ្ចកោណដោយយកសុខទុក្ខប្រជាពលរដ្ឋជាចម្បង។ដូច្នេះប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងស្រុកទាំងអស់ ពិសេសអាជ្ញាធរត្រូវតែអនុវត្តគោលការណ៍របស់រដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាដោះស្រាយរាល់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់បាន ហើយយើងត្រូវដឹងថាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលយើងគ្រប់គ្រងពួកគាត់ចង់បានអ្វី ត្រូវការអ្វីឱ្យអាជ្ញាធរជួយដោះស្រាយ។បន្ថែមពីនេះត្រូវធ្វើវេទិកាសាធារណៈទៅតាមភូមិនីមួយៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលគាត់ចង់បានហើយយើងត្រូវដោះស្រាយជូនពួកគាត់ទៅតាមជាក់ស្ដែង និងទៅតាមពេលវេលាដែលអាចធ្វើទៅបាន ទាំងអស់នេះគឺជាកិច្ចការដែលក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្រុកត្រូវតែដឹងនិងធ្វើដើម្បីដោះស្រាយនូងកង្វល់និងតម្រូវការជាក់ស្តែង។

ជាមួយនោះប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺក៏បានក្រើនរំឭកនិងណែនាំបន្ថែមដល់ក្រុមការងារទាំងអស់ថា ការចុះមូលដ្ឋានមិនមែនមកដណ្តើមអំណាចថ្នាក់មូលដ្ឋាននោះទេ ហើយក៏មិនចុះអនុវត្តការងារជំនួសអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរក្រសួងស្ថាប័ននានានោះដែរ ពោលគឺត្រូវចុះជួយតម្រង់ទិស ជួយផ្តល់ការគាំទ្រ និងជួយលើកកម្ពស់សមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋានឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះ។បន្ថែមពីលើនេះ ក្រុមការងាររាជរដ្ឋាភិបាលត្រូវជួយជំរុញមូលដ្ឋានថ្នាក់ក្រោមជាតិក្នុងការផ្តល់ និងអភិវឌ្ឍសេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ប្រឡាយ និងដោះស្រាយភាពអសកម្ម ដូចជា ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ទំនាស់ដីធ្លី និងបញ្ហាផ្សេងៗទៀត។ពិសេសជាងនេះក្រុមការងាររាជរដ្ឋាភិបាលត្រូវដើរតួជាយន្តការមួយក្នុងការជួយជំរុញសកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលមន្ត្រីថ្នាក់ក្រោម និងប្រជាជនមូលដ្ឋានបានជួបប្រទះផងដែរ។

សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺមានសមាសភាពសរុបចំនួន១.៣៧៥នាក់ ស្រី ២២៤នាក់ ក្នុងនោះមន្ត្រីថ្នាក់ជាតិចំនួន២១១នាក់ ស្រី៤៦នាក់, មន្ត្រីថ្នាក់ខេត្តចំនួន២៥៦នាក់ ស្រី ៤៩នាក់ មន្ត្រីថ្នាក់ក្រុង/ស្រុក ចំនួន៦២៥នាក់ ស្រី ៩២នាក់, មន្ត្រីថ្នាក់ឃុំ/សង្កាត់ ភូមិ ចំនួន ៥៤២នាក់ ស្រី ៣៧នាក់ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This