សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកគងពិសី

កំពង់ស្ពឺ ៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះបានចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រក្នុងភូមិសាស្ត្រស្រុកគងពិសី ដែលការពិនិត្យនិងព្យាបាលនេះដឹកនាំដោយលោក ហេង សុខគង់ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺនៅក្នុងបរិវេណអនុវិទ្យាល័យអង្គមេត្រីម៉ឺន ភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមការលើកឡើងរបស់លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថាប្រជាពលរដ្ឋ​ក្រីក្រនិង​កុមារប្រមាណ​ជាង​១២០០​នាក់ ​បានមកទទួល​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ជាង​១៦មុខ ពី​ក្រុមគ្រូពេទ្យនិង​វេជ្ជបណ្ឌិត​ជំនាញៗ ក្រោមការប្រើប្រាស់បរិក្ខាទំនើបនិងឱសថល្អៗ។

អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមថា នេះមិនមែនជាលើកទីមួយនោះទេសម្រាប់ខេត្តកំពង់ស្ពឺ ដែលក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានចំពិនិត្យនិងព្យាបាលដល់ប្រជាពលរដ្ឋ កុមារកំព្រា ពិការ។ការចុះពិនិត្យព្យាបាលនេះដែរ បង្ហាញឱ្យឃើញពីការគិតគូយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំ ពិសេសគឺលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ។

លើកឡើងក្នុងឱកាសនោះដែរលោក ហេង សុខ​គង់ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា បាន​លើកឡើង​ដោយគូសបញ្ជាក់ថា ក្នុងការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​បងប្អូនប្រជាពលរដ្ឋ​នៅក្នុងស្រុកគងពិសីនេះ​គឺមាន​វេជ្ជបណ្ឌិត គ្រូពេទ្យ​ជំនាញនិង​ល្បីៗ មានបទពិសោធន៍​លើជំងឺទាំង១៦មុខ។ក្នុងការចុះពិនិត្យព្យាបាលនេះដែរ គឺក្រុមគ្រូពេទ្យបានបំពាក់​ទៅដោយ​បរិក្ខាពេទ្យ​ទំនើបៗ​ ឱសថ​ល្អៗ​និងមានគុណភាព​ខ្ពស់​។

លោក​ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា បាន​បញ្ជាក់ថា​ក្រុមគ្រូពេទ្យ​ទទួល​ការព្យាបាល​ជំងឺ​១៦មុខ ដែល​រួមមាន​ជំងឺ​ទូទៅ វះកាត់ ជំងឺ​ភ្នែក ត្រចៀក ច្រមុះ​និង​បំពង់ក សន្លាក់ ជំងឺ​កុមារ រោគ​ស្ត្រី​ និង​ពិនិត្យ​ផ្ទៃពោះ ជំងឺ​មាត់​ធ្មេញ ជំងឺផ្លូវចិត្ត កាមរោគ​ និង​សើរ​ស្បែក ជំងឺផ្លូវចិត្ត ពិនិត្យ​ឈាម ព្រមទាំង​ផ្តល់ជូន​ថ្នាំពេទ្យ​ក្រោយ​ការពិនិត្យរួច។

លោក ហេង សុខគង់ បានបន្ថែមថា ​ការ​ចុះមក​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់បងប្អូនប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ គឺ​ក្នុង​គោលបំណងជួយ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ​ពិសេស​ដើម្បី​ឱ្យប្រជាពលរដ្ឋ ចំណេញ​ពេលវេលា​ក្នុង​ការរក​ទទួលទាន​ និង​ធ្វើ​ឱ្យពួកគាត់​មាន​សុខភាព​ល្អជា​ប្រចាំ​ដោយ​មិនចាំបាច់​ចំណាយ​ទៅលើ​ការទិញ​ថ្នាំពេទ្យ និង​ទៅរក​គ្រូពេទ្យ និង​សន្សំសំចៃ​ថវិកា​បាន​ថែម​ទៀតផង។មួយវិញទៀតការចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ​ដែរគឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ​ដែល​ស្តែង​ចេញពី​សេចក្តីស្រឡាញ់​បងប្អូន​ប្រជាពលរដ្ឋ​និង​ផ្តល់​ក្តី​ស្រឡាញ់​ជូន​ដល់​ក្មួយៗកុមារដែលកំពុងកើតមានជំងឺត្រូវការព្យាបាល៕

ដោត ៖ ប៊ុត សារុន

CATEGORIES
Share This