កម្ពុជា-ថៃ រៀបចំព្រឹត្តិការណ៍ រត់ឆ្លងដែនមិត្តភាពថៃ-កម្ពុជា (Two Kingdoms Run) ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២
បន្ទាយមានជ័យ ៖ ខេត្តជាប់ព្រំដែនបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានរៀបចំព្រឹត្តិការណ៍ រត់ឆ្លងដែនមិត្តភាពថៃ-កម្ពុជា (Two Kingdoms Run) ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
ព្រឹត្តិការណ៍ រត់ឆ្លងដែនមិត្តភាពថៃ -កម្ពុជា ក៏មានការចូលរួមពីឯកឧត្តម ហ៊ុន សារឿន ឯករាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ និងឯករាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានការចូលរួមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តអភិបាលខេត្តស្រះកែវ ក្នុងនោះក៏មានការចូលរួមរត់ពីអត្តពលិក កម្ពុជា -ថៃ ដែលបានចូលរួមរាប់រយនាក់ផងដែរ។
ព្រឹត្តិការណ៍ នេះចាប់ផ្តេីមចេញដំណេីរពីមុខ ច្រកស្ទឹងបត់ ឆ្លងស្ពាននៃប្រទេសទាំង២ ទៅកាន់ទីតាំងប្រារព្ធពិធីក្នុងទឹកដីព្រះរាជណាចក្រថៃ មានប្រវែងប្រមាណ៦គីឡូម៉ែត្រ ដែលធ្វេីនៅព្រឹកប្រលឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៥។
ឯកឧត្តម ហ៊ុន សារឿន ឯករាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ក៏បានបញ្ជាក់ ៖ ការរៀបចំព្រឹត្តិការនេះឡេីង ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កម្ពុជា-ថៃ បង្ហាញពីសក្ខីភាពមួយដ៏ច្បាស់លាស់ អំពីភាពជិតស្និទ្ធ រឹងមាំ នៃទំនាក់ទំនងប្រទេសទាំងពីរ ។ ឯកឧត្ដម ក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការកែទម្រង់ស៊ីជម្រៅបន្ថែមទៀតរវាងទំនាក់ទំនងនៃប្រទេសទាំង២ លើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងរវាងបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ការចូលរួមចំណែកក្នុងការជំរុញរក្សាសន្តិភាព ការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន ។
តាមរយៈនៃការរៀបចំព្រឹត្តិការណ៍រត់ឆ្លងដែននៃប្រទេសទាំងពីរភាគីកម្ពុជា-ថៃ ភាគីទាំង២ ក៏បានប្ដេជ្ញា បន្តពង្រឹង ថែរក្សានូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ រួមគ្នាការទប់ស្កាត់រាល់ៗបទល្មើស ផ្សេងៗ តាមព្រំដែន ដោយរក្សាបាននូវព្រំដែនសន្តិភាពពិសេសទប់ស្កាត់នូវការចរាចរគ្រឿងញៀន នៅតាមព្រំដែនទាំង០២ផងដែរ៕












