ខេត្តប៉ៃលិន រៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹងប៉ៃលិន ដើម្បីត្រៀមរៀបចំសង្ក្រាន្តប៉ៃលិនជូនពលរដ្ឋសប្បាយរីករាយ

ប៉ៃលិន ៖ សង្ក្រាន្តប៉ៃលិនឆ្នាំ២០២៥ នឹងបង្កភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥នាពេលខាងមុខនេះ។

ខណៈដែលអាជ្ញាធរខេត្តប៉ៃលិនដោយមានលោក សៅ សារ៉ាត់ តំណាងរាស្ត្រខេត្តប៉ៃលិន និងលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានចុះមើល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹងប៉ៃលិន ដើម្បីត្រៀមរៀបចំសង្ក្រាន្តប៉ៃលិន ចាប់ពីចន្លោះស្ពានអូរច្រារទៅស្ពានសន្តិភាព។

លោក សៅ សារ៉ាត់ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិនឲ្យបានអធិកអធម សម្រាប់បង្កបរិយាកាសរីករាយដល់បងប្អូនប្រជាពលរដ្ឋបានចូលរួម លេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើន រួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញ ចំណាប់ អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើងឲ្យបានច្រើនកុះករ។

លោក បានបន្តថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយទៅបាន រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទនឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែង លម្អភ្លើងពណ៌នៅតាមសួនច្បារតាមអង្គភាព និងទីសាធារណៈឲ្យមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាតដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្តនិងដងស្ទឹងប៉ៃលិន ដែលកំពុងឈូសឆាយរៀបចំ កែលម្អនាពេលនេះ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងមមាញឹកក្នុងការឈូសឆាយតាមដងស្ទឹងប៉ៃលិនក្នុងការរៀបចំសង្ក្រាន្ត និងរៀបចំកន្លែងកំសាន្តសំខាន់ៗនៅដងស្ទឹង កន្លែងរែងត្បូង កន្លែងបោះតង់ កន្លែងអង្គុយលំហែរជួបជុំ ងូតទឹកកម្សាន្ត កន្លែងលេងកម្សាន្ត តំបន់ត្រជាក់ចិត្ត កន្លែងបាញ់ពពុះសាប៊ូ សួនផ្កាចម្រុះព័ណ៌ និងទីតាំងថតរូបដោយមានភាពសម្បូរបែប តាមបណ្តោយដងស្ទឹងប៉ៃលិនផងដែរ៕

CATEGORIES
Share This