ភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១១៣ខ្នង នៅស្រុកសង្កែ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា  ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឱ្យក្រុមប្រតិបត្តិសាខាខេត្តដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុកនិងមន្រ្តីការិយាល័យគ្រប់គ្រងគ្រោះមន្តរាយ ដោយមានការចូលរួមពីលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងស្រុកមួយចំនួនដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១១៣ខ្នងផ្ទះ។

ផ្ទះដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ទាំង ១១៣ខ្នងផ្ទះ ក្នុងនោះមាន ៖ ១.ឃុំអូដំបង១ ប៉ះពាល់លើភូមិចំនួន៤ មានភូមិអូរស្រឡៅ ប៉ះពាល់ចំនួន ៥៩ខ្នង រលំទាំងស្រុង០១ខ្នង ផ្ទះប៉ះពាល់ធ្ងន់ធ្ងរ ២១ខ្នង និងប៉ះពាល់ដោយអន្លើចំនួន ៣៧ខ្នង- ភូមិសំរោងកោង ប៉ះពាល់ចំនួន ២៤ខ្នង រលំទាំងស្រុង០១ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ ១៤ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០៩ខ្នង ,ភូមិវត្តចែង ប៉ះពាល់ធ្ងន់ធ្ងរចំនួន០៤ខ្នង និងប៉ះពាល់ដោយអន្លើ ១២ខ្នង ,និងភូមិអូរខ្ជាយ ប៉ះពាល់ធ្ងន់ធ្ងរចំនួន០២ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០៨ខ្នង។ ២-ឃុំអូរដំបង២ ប៉ះពាល់០១ភូមិ គឺភូមិស្វាយធំ ប៉ះពាល់ធ្ងន់ធ្ងរចំនួន២ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០១ខ្នង។ ៣-ឃុំវត្តតាមិម ប៉ះពាល់០១ភូមិ គឺភូមិអូរខ្ជាយ ប៉ះពាល់ធ្ងន់ធ្ងរចំនួន០១ខ្នង។

ក្នុងឱកាសចុះពិនិត្យតាមខ្នងផ្ទះនេះដែរ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក យ៉ាន ឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះបាតុភូតធម្មជាតិដែលអាចនឹងកើតឡើងជាយថាហេតុ និងត្រូវឆាប់រាយការណ៍មកអាជ្ញាធរដែនដី ដើម្បីក្រុមការងារចុះជួយបានទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះទាំងអស់នឹងទទួលអំណោយមនុស្សធម៌ពីសាខាខេត្ត អនុសាខាស្រុក ក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This