សម្លាប់ប្រពន្ធនៅភ្នំពេញ រួចរត់មកមចងក សម្លាប់ខ្លួនឯង នៅព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ឃាតករម្នាក់សម្លាប់ប្រពន្ធ យកសពមកប្លង់ចោលនៅវាលស្រែ ឯរាជធានីភ្នំពេញ រួចរត់មកចង ក សម្លាប់ខ្លួនឯង នៅព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្សល់ទុកម៉ូតូ១គ្រឿង នៅកន្លែងកើតហេតុ ត្រូវបានពលរដ្ឋបាន ប្រទះឃើញសពកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមការអះអាងពីក្រុមគ្រួសារសព ជនរងគ្រោះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ អ៊ុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបប បម្រើការងារក្នុងភោជនីយ៍ដ្ឋានអានន្ទ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំណែក ឃាតករជាប្តី មានឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឃាតករជាប្តីជនរងគ្រោះជាប្តីទី២ បានគ្នាប្រហែល៣ឆ្នាំកន្លងមកហើយ ការរស់នៅជាមួយគ្នាមិនដែលបានសុខឈ្លោះគ្នាមិនលោះណាឡើយ ដោយសារភ្លើងប្រច័ណ្ឌ មុនពេលកើតហេតុនោះ ក៏មានការឈ្លោះនិងគ្នាយ៉ាងខ្លាំងផងដែរ រហូតដល់ប្តីបានសម្លាប់ប្រពន្ធ ដោយមិនញញើតដៃ រួចយកសពមកប្លង់ចោលនៅចំណុចដីឡូត៍ផ្លូវបេតុងថ្មី ក្រុមទី៦ ភូមិស្វាយប៉ាក់ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីសម្លាប់ប្រពន្ធហើយ បានគេចខ្លួនមកចងកនឹងដើមឈើ ត្រង់ចំណុចព្រំដែនស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា ក្រោយទទួលព័ត៌មានថា ឃាតករដែលសំលាប់ស្ត្រីរងគ្រោះ គេចខ្លួនមកស្រុកកំណើតឯព្រំដែន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះធ្វើការស្រាវជ្រាវ ហើយទទួលព័ត៌មានពីប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ បានស្លាប់ដោយចងក និងបន្សល់ទុកម៉ូតូ១គ្រឿងផង ក្រោយកម្លាំងជំនាញចុះពិនិត្យសពជនរងគ្រោះ ត្រូវបានធ្វើអត្តឃាតចងករសំលាប់ខ្លួនពិតជាឃាតករសំលាប់ប្រពន្ធនៅភ្នំពេញ ហើយគេចខ្លួនមកជាយដែន ចងករសំលាប់ខ្លួនឯង សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២៥ អស់ហើយផងដែរ៕







