បើកប្រាក់ខែយកលុយសងគេអស់ គ្មានលុយឱ្យអ្នកផ្ទះ ប្រឌិតរឿងថា មានគេចាប់ជំរិតទាំងមនុស្ស និងម៉ូតូយកទៅបាត់
កំពង់ស្ពឺ ៖ ពិតជាថ្មីនិងប្លែកទៀតហើយ សម្រាប់យុវតីម្នាក់ ដែលបង្ហោះសារតាមបណ្តាញសង្គមថាមានគេចាប់ជំរិតទាំងមនុស្សនិងម៉ូតូ យកទៅបាត់ដោយមិនថានាំយកទៅណា។ ក្រោយទទួលបានសារនេះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានដាក់បទបញ្ជាទៅកម្លាំងជំនាញ ឱ្យបើកប្រតិបត្តិការភ្លាមៗ ដើម្បីរកឃើញជនរងគ្រោះ និងម៉ូតូដែលជិះទៅជាមួយ ។
នៅក្នុងប្រតិបត្តិការរយៈពេល៦០នាទី កម្លាំងជំនាញបានរកឃើញថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គមខាងលើ ជាព័ត៌មានប្រឌិត ក្លែងក្លាយប៉ុណ្ណោះ ដែលធ្វើឱ្យមហាជនមានការភាន់ច្រឡំ និងហ្វឹកវរក្នុងសង្គម។
ពាក់ព័ន្ធនិងករណីនេះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះថា កំលាំងជំនាញផែនការងារសន្ដិសុខបានសហការធ្វើការស្រាវជ្រាវ ជាមួយកំលាំងអធិការនគរបាលស្រុកសំរោងទង លើព័ត៌មានប្រភពពីហ្វេសប៊ុក ឈ្មោះ Rern Srey Noch ដែលបង្ហោះថា ប្អូនស្រីខ្ញុំត្រូវបានជនមិនស្គាល់មុខចាប់ជំរិតយកទាំងម៉ូតូ ទាំងមនុស្សនៅចំណុចភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីព្រឹកម៉ោង០៥ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ជាក់ស្ដែងក្រោយប្រតិបត្ដិការស្រាវជ្រាវរយៈពេល៦០នាទី សមត្ថកិច្ចកំណត់បានថា ជាករណីប្រឌិតព័ត៌មានក្លែង ចេញពីប្រភពអះអាងថាជា ”ជនរងគ្រោះ ឈ្មោះ គង់ សុខណេង ភេទស្រី អាយុ១៨ឆ្នាំ” និងកំណត់បានទីតាំងសម្ងំនិយាយព័ត៌មានប្រឌិតរួចឈានទៅរកឃើញនិងនាំយកក្មេងស្រីខាងលើ ត្រឡប់មកផ្ទះវិញ។
លោកថា នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីខាងលើបានសារភាពថា មូលហេតុធំដែលឈានដល់ការរៀបចំផែនការកុហកបោកប្រាស់ធ្វើព័ត៌មានក្លែងនេះ មកពីខ្លួនពិបាកចិត្ដរឿងផ្ទាល់ខ្លួន ដែលជំពាក់ប្រាក់អ្នកស្គាល់គ្នា និងបានបើកប្រាក់ខែយកទៅសងគេអស់ មិនមានប្រាក់ជូនអ្នកផ្ទះទើបរៀបចំសម្ដែងថា គេចាប់ជំរិតទារប្រាក់បែបនេះ។
ក្រោយការទទួលសារភាព និងសុំទោសជាសាធារណៈ កម្លាំងជំនាញក៏បានធ្វើការអប់រំ ហើយអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ៕





ដោយ ៖ ប៊ុត សារុន