ពិធី​ប្រគេន​ ប្រកាស​សនីយបត្រ​ តែងតាំង​ និងស្រោចសុគន្ធវារី​ ប្រគេនព្រះមន្រ្តីសង្ឃ​ ក្នុងស្រុកអូជ្រៅ

បន្ទាយមានជ័យ ៖ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្តបន្ទាយមានជ័យ​ តំណាងឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីប្រកាសកាត់ខ្សែបូឆ្លង​ បង្កាន់ដៃ​នាគចូលព្រះវិហារនិងពិធីប្រគេន​ ព្រះរាជប្រកាស​ សនីយបត្រ​ ប្រកាសតែងតាំងនិងស្រោចស្រពសុគន្ធវារី​ ប្រគេនព្រះគ្រូ​ កោសលមេធី​ ភាច​ សឺត​ ព្រះអនុគណស្រុកអូរជ្រៅ​ និងព្រះមន្ត្រីសង្ឃព្រះចៅអធិការវត្តក្នុងស្រុកអូរជ្រៅ​ ស្ថិតនៅក្នុងវត្តពោធិសុរិយារាមឃុំកូប​ ស្រុកអូរជ្រៅ។

បន្ទាប់ពីព្រះតេជគុណ​ ឌឹម​ ស៊ីយ៉េត​ បានឡើងប្រកាសព្រះរាជ​ប្រកាសនីយបត្រ​  ប្រកាសតែងតាំង​ និងប្រគល់ប្រគេន​ ដល់ព្រះ​មន្ត្រី​សង្ឃស្រុក​រួចមក​ ព្រះឧត្តមសីលញាណ​ ធុល​ សុធា​ ព្រះមេគណខេត្ត​ បានមាន​សង្ឃដីកា​ថា​ សាសនា​ព្រះពុទ្ធ​  ជាប្រភព​ផ្តល់នូវគុណតម្លៃ​ ដ៏សំខាន់​ ដែលមាន​ឥទ្ធិពល​  ដល់របបនយោបាយ​ ច្បាប់​  វប្បធម៌​  ប្រពៃណី​ទំនៀមទម្លាប់​  ហើយការប្រតិបត្តិ​ ខាងសាសនា​ នៅក្នុង​ សង្គមនីមួយៗ​ តែងមានជាប់ទាក់ទងគ្នា​ ជាមួយ​ប្រពៃណី​ ទំនៀមទម្លាប់​ វប្បធម៌​ផងដែរ​ ដែលនេះជា​ អត្តសញ្ញាណ​ និង​គុណតម្លៃ​រួមដឹកនាំជីវិត​របស់​មនុស្ស​ក្នុងសង្គម​ ធ្វើ​អោយផ្នត់គំនិត ​ឥរិយាបថ​ សកម្មភាព​ មនុស្ស​ មានភាព​សមរម្យ​  មាន​លក្ខណៈ​យោគយល់​ អធ្យាស្រ័យ​គ្នា​ អាចរស់ជាមួយគ្នាប្រកបដោយ​ សុខដុមរមនា​ក្នុង​សង្គម​ជាតិ។

ព្រះឧត្តមសីលញាណ​ ធុល​ សុធា​ បានមានសង្ឃដីការ​បន្តថា​  ក្រសួងធម្មការនិងសាសនា​ បានដាក់ចេញនូវអភិក្រម​ ស៣​ សម្រាប់គ្រប់គ្រងវត្តអារាមទូទាំងប្រទេស សម្រាប់អនុវត្តហើយមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ​ ក៏បានចេញសេចក្ដីណែនាំបន្ថែម អោយវត្តអារាមធ្វើស្លាកសញ្ញាសម្រាប់ការផ្សព្វផ្សាយជាសាធារណៈផងដែរ​ ក្នុង​នោះគឺ​ ស១​ វត្តស្អាត​ បរិស្ថានស្អាតអនាម័យល្អសំណង់មានរបៀបរៀបរយជា​ រមណីយដ្ឋានសាសនា​ ជាបុញ្ញខេត្តសម្រាប់ពុទ្ធបរិស័ទ​​​​ ។ ស២​ វត្តស្វាង​ ជាទីកន្លែងផ្តល់នូវចំណេះ​ ការអប់រំ​ដឹងតាមរយៈ ជាកន្លែងដុះខាត់ចិត្តបណ្ដុះបញ្ញាស្មារតី​ អោយស្គាល់​ គុណធម៌​ សីលធម៌​ សុជីវធម៌ចូលមកងងឹត​ ទៅវិញភ្លឺ​ ។ ស៣​ វត្តស្ងប់ជា​ កន្លែង​គ្មាន​ អធិករណ៍​ គ្មានជម្លោះជាកន្លែងធ្វើសមាធិកម្មដ្ឋានហ្វឹកហាត់អប់រំចិត្តបន្ទោបង់ អ្នូវកិលេស​ ធ្វើ​អោយចិត្តស្ងប់ប្រាសចាកនូវគ្រឿង​ ពន្ធកិច្ចនានា​ ដែលជាគ្រឿងជាប់ជំពាក់។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍ថា​ ក្រោមម្លប់នៃសុខសន្តិភាព​ តាមរយៈការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានឯកភាពជាតិ ឯកភាពទឹកដី ទាំងស្រុង មានស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាយ៉ាងមុតមាំក្នុងរយៈពេលជាងម្ភៃប្រាំមួយឆ្នាំកន្លងទៅនេះ។ កត្តា​នេះគឺជា មូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកាលានុវត្តភាពយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ​ ក្នុងនោះ​ វិស័យ​សាសនា​ ក៏មានការរីកចម្រើនគួរឲ្យ ទាំងបរិមាណនិងគុណភាព។

លោក​ លី សុវណ្ណារិទ្ធ បានបន្តថា​ តាមរយៈអភិក្រម​ ស៣​ ដែលក្រសួងធម្មការនិងសាសនា បានដាក់ចេញនេះ​ សង្ឃឹមថា គណៈគ្រប់គ្រងវត្តអារាមទាំងអស់នឹងខិតខំបង្កើតនូវវិធីសាស្ត្រ​ និងបន្ត​ យន្ត​ការថ្មីៗ​ សម្រាប់បង្កើនប្រសិទ្ធភាពនៃការដឹកនាំ​ ពង្រឹង​ពង្រីកសាមគ្គីធម៌​ និងការអភិវឌ្ឍប្រកបដោយចិរភាព​។ បញ្ចប់នៃកម្មវិធីគណៈអធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយស​ ដល់ព្រះ​ មន្ត្រី​សង្ឃនិងពិធីស្រោចស្រពសុគន្ធារីនិងរាប់បាត្រព្រះសង្ឃផងដែរ ៕

CATEGORIES
Share This