រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យបង្គោលព្រំដែន និងច្រកទ្វារព្រំដែននៃខេត្តភាគពាយ័ព្យជាប់នឹងប្រទេសថៃ
ខេត្តបាត់ដំបង ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះត្រួតពិនិត្យបង្គោលព្រំដែន និងច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបងនិងខេត្តប៉ៃលិនដែលជាខេត្តជាប់ព្រំដែននិងប្រទេសថៃ ។
បើយោងតាមផេកផ្លូវការរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលបានផ្សាយជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី៥និងព្រឹកថ្ងៃទី៦ខែមីនា២០២៥បានអោយដឹងថាក្នុងដំណើរចុះត្រួតពិនិត្យបង្គោលព្រំដែន និងច្រកទ្វារព្រំដែនតំបន់និងច្រកអន្តរជាតិខាងលើរួមមានច្រកនិងបង្គោលព្រំដែនស្ថិតនៅភូមិសាស្រ្ត
ខេត្តបន្ទាយមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន។
សម្រាប់ខេត្តបន្ទាយមានជ័យឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដឹកនាំប្រតិភូចុះរួមមាន (១) ភូមិសាស្ត្របរិវេណច្រកទ្វារព្រំដែនបឹងត្រកួន និងបង្គោលព្រំដែនលេខ ៣៦ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ, (២) ភូមិសាស្ត្របរិវេណច្រកទ្វារព្រំដែនព្រៃចាន់ និងបង្គោលព្រំដែនលេខ ៤៣ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, (៣)ច្រកទ្វារព្រំដែនអូរបីជាន់ និងបង្គោលព្រំដែនលេខ ៤៤ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ , (៤) ភូមិសាស្រ្តតំបន់ទំនប់ក៥ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, (៥) ត្រួតពិនិត្យភូមិសាស្រ្តបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបង្គោលព្រំដែនលេខ ៤៩ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង(៦) ត្រួតពិនិត្យភូមិសាស្រ្តបរិវេណច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងស្ពានស្ទឹងបត់ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ខេត្តបាត់ដំបង៖ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដឹកនាំគណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះត្រួតពិនិត្យភូមិសាស្ត្របរិវេណច្រកទ្វារព្រំដែនភ្នំដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដឹកនាំគណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញចុះត្រួតពិនិត្យច្រកទ្វារព្រំដែនព្រំ និងច្រាំងអូរគគីរ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ភូមិផ្សារព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ដំណើរចុះត្រួតពិនិត្យបង្គោលព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិ នេះ មានការចូលរួមអមដំណើរពីសំណាក់ អភិបាលនៃគណៈអភិបាលខេត្តទាំងបីនៃគោលដៅខេត្តនីមួយៗ កងកម្លាំងការពារព្រំដែនប្រចាំទិសព្រំដែននីមួយៗ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់។
នាឱកាសចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខទុក្ខនោះ ឯកឧត្ដមរដ្ឋមន្ត្រី និងជាប្រធានគណៈប្រតិភូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងការពារអធិបតេយ្យ និងបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំចំណុចសំខាន់ៗមួយចំនួន ព្រមទាំងមានប្រសាសន៍លើកទឹកចិត្ត និងជូនពរឱ្យតួអង្គពាក់ព័ន្ធទាំងអស់ មានសុខភាពល្អមាំមួន ដើម្បីបន្តបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
ក្រៅពីការចុះតាមព្រំដែននេះឯកឧត្តមរដ្ឋមន្រ្តី បានប្រាប់ទៅកងកម្លាំងឈរជើងតាមព្រំដែនត្រូវពន្យល់អោយពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលមកលេងតាមព្រំដែនបានយល់ច្បាស់ពីអ្វីជាបង្គោលប្រឹថពីវិភាគ (GPS NETWORK) និងអ្វីជាបង្គោលជំហរ ដែលបង្គោលទាំងពីនេះមិនមែនជាបង្គលព្រំដែនទេ ៕


























