ស្នងការខេត្តបាត់ដំបង ប្រារព្ធពិធីអបអរ សាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ២០២៥
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជាស្នងការ និងលោកស្រី គី សុខហួរ ជាឧត្តមភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ២០២៥ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប។
ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ២០២៥ នាពេលនោះដែរ ក៏មានការចូលរួមពីលោក លោកស្រីជាស្នងការរង នាយ នាយរងការិយាល័យជំនាញ មន្រ្តីនគរបាលនារី ស្រ្តីជានិវត្តន៍ជន និងអ្នករៀបចំសោភ័ណ្ឌភាពនៅក្នុងស្នងការដ្ឋាន រួមទាំងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រេីនរូបទៀត។
ក្នុងពិធីដ៏មានអត្ថន័យជ្រាលជ្រៅនេះដែរ លោកស្នងការបានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាត ប្រកបដោយពិដោរដ៏ឈ្ងុយឈ្ងប់ជូនឧត្តមភរិយាជាទីស្រឡាញ់របស់លោក បន្ទាប់មកលោកបានប្រគល់បាច់ផ្កាជូនលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងនិងជាប្រធានក្រុមការងារយេនឌ័រនៃស្នងការដ្ឋានតំណាងនារីក្នុងស្នងការដ្ឋាន ហើយក្មុងនោះលោកស្នងការរងបានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតជូនឧត្តមភរិយារបស់ខ្លួន ម្តងម្នាក់ៗអមដោយថវិកាដែលឧត្តមភរិយារបស់លោកស្នងការបានឧបត្ថមផងដែរ ។
បន្ថែមពីនេះ លោកស្នងការក៏បានប្រគល់ផ្កា និងថវិកាជូនស្រ្តីជានិវត្តន៍ជន និងអ្នករៀបចំសោភ័ណ្ឌភាព នៅក្នុងស្នងការដ្ឋាន ហើយបន្ទាប់មកលោកស្រី គី សុខហួរ បានប្រគល់ផ្កាដ៏ស្រស់ស្អាតព្រមទាំងថវិកាដល់នគរបាលនារីដែលចូលរួមក្នុងពិធីនេះនិងបានថតរូបអនុស្សាវរិយ៍នៅក្រោយបញ្ចប់កម្មវិធីក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត៕




















ដោយ ៖ សាលី