កងទ័ពកម្ពុជាមិនត្រឹមតែចូលរួមក្នុងការធានាសន្តិភាព ជំរុញការអភិវឌ្ឍប្រទេសជាតិ ជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែកងទ័ពកម្ពុជាក៏បានចំណែករក្សាសន្តិភាពជូនប្រទេសដែលកំពុងជួបវិបត្តិដោយសារតែភ្លើងសង្គ្រាមផងដែរ

កំពង់ស្ពឺ៖លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងដោយកោតសសើរនិងថ្លែងអំណរគុណដល់កងទ័ពមួកខៀវកម្ពុជា មកពីគ្រប់កងឯកភាពទ័ព ដែលបានលះបង់ចូលរួមរក្សាសន្តិភាព នៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN)នៅក្នុងប្រទេសកំពុងមានសង្គ្រាមស៉ីវិល។ ហើយកងទ័ពកម្ពុជាមិនត្រឹមតែបានចូលរួមក្នុងការធានាសន្តិភាព ការជួយជំរុញការអភិវឌ្ឍប្រទេសជាតិ ជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះអាសន្ននានានោះទេ ប៉ុន្តែកងទ័ពកម្ពុជា បានលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមនៅក្នុងតំបន់បំពេញបេសកកម្មក្នុងតំបន់បេសកម្មរបស់ខ្លួននៅក្រៅប្រទេសផងដែរ។ការណ៍នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកងរាជអាវុធហត្ថលេខ២៧៨ កងវិស្វកម្មពហុជំនាញលេខ៨៣៦ កងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ ដែលបានបញ្ចប់បេសកកម្មនៅអង្គការសហប្រជាតិ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុជាតិ (PKO)កំពង់ស្ពឺ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងដោយមោទនភាពថា នៅពេលដែលលោកបានជួបជាមួយថ្នាក់ដឹកនាំបរទេស គឺថ្នាក់ដឹកនាំបរទេសតែងតែកោតសសើរពីការលះបង់របស់កងទ័ពមួកខៀវកម្ពុជា ដើម្បីចូលរួមចំណែករក្សាសន្តិភាពជូនប្រទេសដែលកំពុងជួបវិបត្តិដោយសារតែភ្លើងសង្គ្រាម។ហើយបើងាកទៅមើលពី៣០ឆ្នាំមុន ប្រទេសកម្ពុជា ជាប្រទេសដែលទទួលយកកងកម្លាំងមួកខៀវក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីមករក្សាសន្តិភាព តែនៅក្នុងរយៈពេលដ៏ខ្លីកម្ពុជាបានប្រែក្លាយជាប្រទេសបញ្ជូនកងទ័ពមួកខៀវ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព បំពេញកិច្ចការងារមនុស្សធម៌នៅតាមបណ្តាប្រទេសដែលមានសង្គ្រាមទៅវិញ ទោះដឹងថាត្រូវប្រឈមរៀងរាល់ថ្ងៃជាលក្ខណៈប្រពៃណីផង “Traditional Security”និងមិនប្រពៃណីផង “Non-Traditional Security” ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ, ការប្រយុទ្ធប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា ការវាយប្រហារពួនស្ទាក់ គ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី។

ជាមួយការប្រែក្លាយនិងការប្រឈមនានា នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានកោតសសើរអំពីគុណតម្លៃ ក្នុងការលើកទឹកចិត្តចំពោះកងកម្លាំងកម្ពុជា ដែលទើបបញ្ចប់ដោយជោគជ័យនូវបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការស្វែងរកសន្តិភាពជូនប្រទេសដទៃនៅលើពិភពលោក។ការសម្រេចបានក្នុងបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ពិតជាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថេរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាពរួមរបស់ពិភពលោក។

ទន្ទឹមនេះដែរ នាយឧត្តសេនីយ៍ក៏បានវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថលេខ២៧៨ កងវិស្វកម្មពហុជំនាញលេខ៨៣៦ កងកម្ទេចគ្រាប់មិនទាន់ផ្ទះលេខ៩៨-ទី២ ដែលមានសមត្ថភាពក្នុងការកសាងសមិទ្ធផលយ៉ាងច្រើនជូនកងយោធពលខេមរភូមិន្ទ បានរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ដែលក្នុងនោះកងរាជអាវុធហត្ថលេខ២៧៨ និងកងវិស្វកម្ម ពហុជំនាញលេខ៨៣៦ គឺដឹកនាំដោយមេបញ្ជាការជានារី។ ការណ៍នេះដែរក៏បានបង្ហាញថា ការចូលរួមរបស់ស្ត្រីក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងឆ្ពោះទៅ សម្រេចចក្ខុវិស័យ តាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកខិតខំប្រឹងប្រែងអនុវត្តតាមកំណែ ទម្រង់ប្រតិបត្តិការរក្សាសន្តិភាព ក្នុងការបង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន២០% នៅគ្រប់តំបន់បេសកកម្ម ទាំងក្នុងកងទីបញ្ជាការ ពិសេសតួនាទីជានាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា ហើយតាមរយៈនេះយើងមានកងកម្លាំងស្ត្រីចំនួន២០,៨% បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន១០ រួចមកហើយ។

អត្ថបទ៖ប៊ុត សារុន

CATEGORIES
Share This