ប្រតិបត្តិការត្រួតពិនិត្យ តេស្តរកសារធាតុញៀន លើកអ្នកបើកបររថយន្តធុនធំ ទាំង៤៩នាក់ បង្ហាញអវិជ្ជមាន គ្មានសារធាតុញៀន
បន្ទាយមានជ័យ ៖ ប្រតិបត្តិការត្រួតពិនិត្យតេស្ត រកសារធាតុញៀន លើអ្នកបើកបរថយន្តធុនធំ ពីសំណាក់នគរបាលខេត្តបន្ទាយមានជ័យ លើតៃកុងរថយន្តធុនធំចំនួន៤៩នាក់ បានបង្ហាញពីអវិជ្ជមាន គ្មានសារធាតុញៀនទាំង៤៩នាក់ ។
នេះបើតាមការបង្ហាញអោយដឹង ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោបានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តការត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ត្រងចំនុចភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។ ជាលទ្ធផលប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់រថយន្តធុនធំ ចំនួន៤៩គ្រឿង អ្នកបើកចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម និងបានបង្ហាញអវិជ្ជមាន គ្មានសារធាតុញៀនទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បានថ្លែងថា គោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ គឺ នគរបាលយើងធ្វើឡើងដើម្បី ធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ និងជាការ បង្ការ ទប់ស្កាត់ អ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន សំដៅធ្វើយ៉ាងណា ឲ្យអត្រាគ្រោះថ្នាក់ចរាចរ នៅកម្រិតទាបបំផុតតាមដែលអាចធ្វើបាន ៕







