បើកការដ្ឋានជួសជុលផ្លូវខេត្តលេខ ១៥៧១ ប្រវែង ៤០០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុកបាណន់
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុល កំណាត់ផ្លូវខេត្តលេខ ១៥៧១ ក្រាលកៅស៊ូDBST ប្រវែង ៤០០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
នាឱកាសនេះ ឯកឧត្តម សុខ លូ បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំបន្ថែមដល់លោក អភិបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលពាក់ព័ន្ធ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងបានណែនាំដល់លោកមេឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀតរឹតបន្តឹងលើការគ្រប់គ្រងចំណីផ្លូវ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវដុត ជញ្រ្ជាំង សំរាមប្លាស្ទិក កាកសំណល់ផ្សេងៗត្រូវបញ្ឈប់ទាំងអស់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព ។
គួរបញ្ជាក់ផងដែរថា ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៧១ ដោយធ្វើកាសម្អាតរុក្ខជាតិនៅសងខាងផ្លូវ ជីកបកដីគ្មានគុណភាពលើតួថ្នល់ពង្រីកសងខាងប្រវែង ៤០០០ម៉ែត្រ និងត្រង់កំណាត់តួថ្នល់ចាស់ចំនួន ២កន្លែង ប្រវែង ១ ៥០០ម៉ែត្រ បន្ទាប់មកធ្វើការងារស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៦កន្លែង និងពង្រីកលូប្រអប់កាត់ទទឹងផ្លូវចំនួន១កន្លែង និងរៀបចំដាំបង្គោលនាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ និងគូសគំនូសចរាចរណ៍ផងដែរ៕










ដោយ ៖ សាលី