អាជ្ញាធរក្រុងច្បារមន ចុះរៀបចំនិងរុះរើសំណង់សេសសល់ ក្រោយអាជីវករផ្សារមាត់ស្ទឹងសម្រេចចាកចេញ

កំពង់ស្ពឺ ៖ ក្រោយមានការណែនាំពីអាជ្ញាធរក្រុងច្បារមនជាលើកទី២ អាជីវករដែលលក់ដូរនៅក្នុងផ្សារកញ្ច្រែងមាត់បានសម្រេចចាកចេញដោយស្ម័គ្រចិត្ត ដើម្បីទុកទីតាំងមាត់ស្ទឹងឱ្យអាជ្ញាធរខេត្តរៀបចំសួនច្បារនិងដាំដើមត្នោត។នេះបើយោងតាមការលើកឡើងរបស់លោក ទឹម ផានូ អភិបាលក្រុងច្បារមន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ក្នុងឱកាសចុះពិនិត្យនិងរុះរើសំណង់សេសសល់។

លោក ទឹម ផានូ បានលើកឡើងថា អាជីវករបានចាកចេញដោយស្ម័គ្រចិត្ត និងខ្លះបានរុះរើសំណង់ដោយខ្លួនឯង ហើយខ្លះក៏ទុកសំណង់ចោលដើម្បីឱ្យក្រុមការងារក្រុងជាអ្នករុះរើ។ជំហានដំបូងគឺអាជ្ញាធរត្រូវរុះរើនិងបើកការដ្ឋានឈួសឆាយដើម្បីរៀបចំជាសួនច្បារ ដាំដើមត្នោតឱ្យដូចទៅនិងមាត់ស្ទឹងមុខសាលាខេត្ត។ហើយបន្ទាប់ អាជ្ញាធរក្រុងច្បារមននិងចុះចាត់វិធានការចំពោះម្ចាស់ផ្ទះដែលអនុញ្ញាតនិងជួលមុខផ្ទះឱ្យទៅអាជីវករលក់ដូរលើដីរដ្ឋ ឬដីសាធារណៈរបស់រដ្ឋបង្កភាពអាណាធិបតេយ្យ តែក្នុងនោះលោកក៏បានបញ្ជាក់ផងដែរថា បើការលក់ដូរស្ថិតនៅក្នុងផ្ទះរបស់ខ្លួនមិនហៀរមកខាងក្រៅនោះមិនអីទេ។

អភិបាលក្រុងច្បារមនបានបន្ថែមថា ចំពោះអាជីវករដែលលក់ដូរនៅចំនុចរង្វង់ដើមលាភ អាជ្ញាធរនិងចុះណែនាំពីការមិនអនុញ្ញាតឱ្យលក់បន្ត ហើយត្រូវរើទៅកាន់ទីតាំងថ្មីដែលអាជ្ញាធរខេត្តនិងក្រុងបានរៀបចំជាស្រេច។រង្វង់មូលដើមលាភនេះ អាជ្ញាធរនិងធ្វើការរៀបចំឱ្យក្លាយជាសួនប្រណិតមួយដែលចូលរួមលើកកម្ពស់សោភ័ណភាពនិងមុខមាត់ខេត្តបានមួយកម្រិត ទន្ទឹមនោះក៏រៀបចំទីតាំងរង្វង់មូលនេះឱ្យជាផ្លូវតែមួយ(one way)ជុំវិញផ្សារកំពង់ស្ពឺ ដើម្បីកាត់បន្ថយការមម៉ាញ៉ឹកនិងកកស្ទះចរាចរ។

លោក ទឹម ផានូ ក៏បានដាក់ការរំពឹងថា បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះស្ថិតនៅទីតាំងខាងលើនិងអាជីវករដែលបាននិងកំពុងលក់ដូរលើសួនដើមលាភចូលរួមជាមួយអាជ្ញាធរ ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមការងារអាចធ្វើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាពក្រុងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ថា អាជ្ញាធរបានរៀបចំទីតាំងផ្សារថ្មីសម្រាប់អាជីវករដែលរើពីផ្សារមាត់ស្ទឹងនិងរង្វង់មូលដើមលាភដោយមិនការយកថ្លៃតូបរហូតដល់រយៈពេល២ឆ្នាំ ដើម្បីសម្រួលដល់ជីវភាពរបស់បងប្អូន ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This